សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ បុរសម្នាក់បានយកឡូហ្គោរបស់ នគរបាលជាតិ ទៅប្រើប្រាស់ផ្ដេសផ្ដាសនៅលើបណ្ដាញសង្គម ភ្ជាប់ជាមួយរូបថតរបស់ខ្លួនយកទៅប្រើដោយខុសច្បាប់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ហៅទៅសួរនាំ និងធ្វើកិច្ចសន្យាអប់រំ។
នេះបើតាមការឲ្យដឹងពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
តាមរយៈ Facebook ក្រុមការងារព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានកោះហៅបុរសម្នាក់ឈ្មោះ ស៉ឹម ឆាយ៉ាវីរៈ ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ RoNg Reach ដែលបានយកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតបស់ខ្លួនដោយខុសច្បាប់ និងមិនមានការអនុញ្ញាត»។
ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា បុរសម្នាក់នេះបានចូលខ្លួនមកសារភាពកំហុស និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ តទៅទៀត៕