សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃសុក្រទី២៨សីហា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកោះហៅលោក លី តារា អ្នកនិពន្ធសៀវភៅ Possible Crush មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវ ភៅនេះ ដែល​មាន​ផ្នែក​ខ្លះ​បាន​ប្រើ​ប្រាស់​អក្សរ​ឡាតាំងកត់សូរភាសាខ្មែរ។

ក្រសួងវប្បធម៌ចាត់ទុកថា សំណេរនិង​ការ​បោះ​ពុម្ពផ្សាយបែបនេះ​ ធ្វើឲ្យអាប់ឱន និង ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អក្សរ​ខ្មែរ​ដែល​មាន​ចំណាស់​រាប់​ពាន់​ឆ្នាំ​របស់ជាតិ។ ​

ក្នុង​ជំនួប​ដែលមាន​ការចូល​រួម​ពី​តំណាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​និងមន្រ្តីក្រសួង​វប្ប​ធម៌ លោក លី តារា បាន​ទទួល​ស្គាល់​កំហុសឆ្គង​ដែល​កើត​មានដោយអចេតនា និង​ពុំ​បាន​គិតគូរគ្រប់ជ្រុងជ្រោយរបស់លោក។​

លោកបាន​សន្យា​​ថានឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយ​នឹងធ្វើការ​កែ​ប្រែ​កុំ​ឲ្យ​មាន​កំហុស​ឆ្គងបែបនេះ​កើតទៀតនៅពេល អនាគត។

លោក លី តារា បានអះអាងថា សៀវភៅ Possible Crush ដែលមានចំនួន២៥៧ទំព័រ និងមានចំនួន១២វគ្គ ហើយ​បានបោះពុម្ភផ្សាយនៅក្នុងឆ្នាំ២០២០នេះ គឺលោកជាអ្នក​និពន្ធផ្ទាល់ បានបញ្ចូល​សាច់​រឿង​ពិត​របស់​លោក​ខ្លះ និងសាច់រឿងរបស់​អ្នកអានចំនួន​១២​នាក់ផ្សេង។

លោក តារា បញ្ជាក់ថា ការនិពន្ធសៀវភៅជាភាសាអង់គ្លេសនេះ គឺក្នុងគោលបំណង​ដើម្បី​ជំរុញការអាន ការ​អប់រំ​ដោយ​ប្រយោល និងការកម្សាន្តដល់អ្នកអាន ហើយវា​ត្រូវ​បាន​និពន្ធ​ជា​អក្សរ​អង់​គ្លេស​អាន​ជា​សំនៀង​ខ្មែង​មាន​ចំនួន​៧​ទៅ១០ទំព័រប៉ុណ្ណោះ។

ការនិពន្ធសៀវភៅបញ្ចូលអក្សរអង់គ្លេសជាសំនៀងខ្មែរ បានរងការរិះគន់យ៉ាងខ្លាំង និងធ្វើអ្នកលេងបណ្ដាញ​សង្គម​ហ្វេសប៊ុកមួយចំនួនខឹងសម្បារ។ ប៉ុន្តែលោក លី តារា បានបង្ហាញការ​សប្បាយចិត្តទៅវិញ​ចំពោះ​ប្រតិ​កម្ម​របស់​មហាជនទាំងនោះ និងចាត់​ទុកថា ជាការរិះគន់ស្ថាបនា ដើម្បីឱ្យលោកធ្វើអ្វីបន្ថែមទៀត នៅក្នុងការ​តែង​និពន្ធ​សៀវ​ភៅនេះឱ្យកាន់តែល្អនិងទទួលយកបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor