
សិល្បៈ
អាម៉ាប៉ាប៉ាញ៉ូសតារាចម្រៀងដែលមានសម្លងស្អក លោក ខេម ទើបនឹងផ្លាស់ប្តូរទ្រនំថ្មីទៅកាន់ផលិតកម្ម Galaxy Navatra កាលពីថ្មីៗនេះ ខេម ក៏ចេញបទថ្មីៗជាច្រើនដូចជា នឹកអូនធេញដែក, មិនអាច control អូនបានទេ, ចង់បបួលអូនធ្វើសង្សារ,ជូនដំណើរអូនឡើងផ្លូវ, និងបទពីរោះៗជាច្រើនទៀត ដូចជាបទ សុំមួយពេលមក , ការស្រលាញ់ដែលខ្វះជាតិស្ករ ,បទនឹកពេលណាយំពេលនោះ ។
ក្រោយកក្រើកបទចម្រៀងថ្មីៗផ្ទួនៗនៅផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ជាមួយគ្នានេះដែរ ខាងផលិតកម្ម ទីក្រុងភាពយន្ន (Town Production) បានសេចក្តីជូនដំណឹង តម្រូវឱ្យលោក ខេម ចូលខ្លួនដោះស្រាយជាមួយផលិតកម្ម និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥៖០០នាទីជាកំហិត ។
ក្នុងសេចក្ដីជូនដំណឹង តម្រូវឲ្យតារាចម្រៀងលោក ខេម ដែលមានឈ្មោះ ប៉ុន សុណារិន ជាតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្ត (ថោន) អញ្ជើញទៅកាន់ផលិតកម្មដែលមានទីស្នាក់ការកណ្តាលដីឡូតិ៍លេខ៣៥ ផ្លូវ១៧១១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្មដោយកំពុងនៅជាប់កិច្ចសន្យានៅឡើយតែច្រៀងនៅផលិតកម្មផ្សេង ។
តាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងទៀតថា កិច្ចសន្យាការងាររវាងផលិតកម្មទីក្រុងភាពយន្ត (ថោន) ជាមួយលោក ប៉ុន សុណារិន ហៅ ខេម នឹងចប់នៅចុងខែធ្នូ ឆ្នាំ២០២០ ៕



