
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ សម្ដេច ហ៊ុន សែន សម្រេចឲ្យកងទ័ពមួកខៀវចូលមកកម្ពុជាវិញ ដោយមិនសុំឲ្យអង្គការសហប្រជាជាតិពន្យារពេលបញ្ចូនពួកគេឡើយ។ ការសម្រេចរបស់សម្ដេចនេះ ធ្វើឡើងក្រោយពីទទួលបាននូវពេលវេលាជាក់លាក់នៃការវិលត្រឡប់និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
បើតាមការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ឱ្យកម្ពុជា ដើម្បីរៀបចំការធ្វើចត្តាឡីស័ក និងទប់ស្កាត់ការនាំចូលកូវីដ១៩មកក្នុងប្រទេសនោះ គឺមានកងកម្លាំងមកពីប្រទេសម៉ាលី ខែកញ្ញា២០២០ ,មកពីស៊ូដង់ខាងត្បូង ខែតុលា២០២០ មកពីអាហ្រ្វិកកណ្តាល ខែវិច្ឆិកា២០២០ និងលីបង់ ខែមករា២០២១។ នេះបើតាមសម្ដេច ហ៊ុន សែន។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានសម្រេចឡើងវិញ គឺមិនសុំពន្យាពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ»។
សម្ដេច ហ៊ុន សែន បានអះអាងថា បើទោះបីកម្ពុជា ជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ១៩ក្តី ក៏រាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពមួកខៀវទាំងអស់ មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាព នៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ។
«សូមនាយទាហាន នាយទាហានរងនិងពលទាហានដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើរៀបចំខ្លួន ដើម្បីវិលត្រឡប់ និងសូមនាយទាហាននាយទាហានរង និងពលទាហានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរ តាមការចាត់ចែងរបស់ក្រសួងការពារជាតិនិងអង្គការសហប្រជាជាតិ»។នេះបើតាមសម្ដេច ហ៊ុន សែន។
បើតាមសម្ដេច ហ៊ុន សែន កងទ័ពមួកខៀវរបស់កម្ពុជា ដែលត្រូវបញ្ជូនមកវិញនេះ មានចំនួនជាង៤០០នាក់។
ចាប់ពីចុងខែកក្កដាដល់ដើមខែសីហានេះ មានកងកម្លាំងមួកខៀវ៩នាក់ក្នុងចំនួន៨០នាក់មកពីប្រទេសម៉ាលីកាលពីថ្ងៃទី១០កក្កដា ត្រូវបានធ្វើតេស្ដវិជ្ជមានបន្តបន្ទាប់។ ក្នុងចំណោមមួកខៀវទាំង៩នាក់ គឺម្នាក់រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាលត្រូវតេស្ដវិជ្ជមាន ខណៈកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ដែលធ្វើឱ្យសមាជិកគ្រួសារ៩នាក់ ត្រូវយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅតាខ្មៅ។
ក្រោយមានមួកខៀវទី៩ធ្វើតេស្ដនេះ ក្រសួងសុខាភិបាលបានសម្រេចប្រមូលយកកងទ័ពមួកខៀវ៧១នាក់ទៀតដែលអវិជ្ជមាន ឈប់ឱ្យធ្វើតេស្ដនៅតាមផ្ទះ និងឱ្យមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិញនៅវិទ្យាល័យ ហ៊ុន សែន ១០០ខ្នង នៅរាជធានីភ្នំពេញ៕