
ប្រទេសម៉ាឡេស៊ីបាននិយាយនៅថ្ងៃចន្ទទី១៧សីហានេះថា អ្នកនេសាទជនជាតិវៀតណាមម្នាក់បានស្លាប់ដោយសាររបួសពីគ្រាប់កាំភ្លើង បន្ទាប់ពីការប្រឈមមុខគ្នាមួយបានកើតឡើង នៅពេលដែលឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីបានឆែកឆេរទូកពីរដែល ពួកគេចោទថា បានចូលនេសាទខុសច្បាប់នៅសមុទ្រចិនខាងត្បូងរបស់ម៉ាឡេស៊ី។
ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ី ដែលអ្នកនេសាទម៉ាឡេស៊ីធ្លាប់បានត្អូញត្អែរ អំពីទូកនេសាទរបស់វៀតណាមដែលធ្វើឱ្យខូចអួនរបស់ពួកគេ។
ប្រធានឆ្មាំសមុទ្រលោក Zubil Mat Som បានប្រាប់AFPថា ទូកនេសាទវៀតណាមពីរគ្រឿងបានចូលដែនទឹកម៉ាឡេស៊ីនៅចម្ងាយ៨០ម៉ាយល៍ ពីឆ្នេរTok Baliដែលស្ថិតនៅភាគខាងជើងឆៀងខាងកើតនៃរដ្ឋ Kelantan កាលពីថ្ងៃអាទិត្យ។
លោកបាននិយាយថា នាវិកឆ្មាំឆ្នេរសមុទ្របានបាញ់ព្រមាននៅលើអាកាស ប៉ុន្តែបន្ទាប់ពីអ្នកនេសាទវៀតណាមបានគប់ដងសាំង គឺកងកម្លាំងរបស់លោកគ្មានជំរើសអ្វីក្រៅពីបើកការបាញ់ការពារខ្លួនឡើយ។
លោក Zubil បានចោទប្រកាន់ថាអ្នកនេសាទវៀតណាម ថាជះសាំងនិងកង់ឡានមានភ្លើងឆេះ ដើម្បីព្យាយាមដុតទូករបស់ឆ្មាំឆ្នេរសមុទ្របណ្ដាលឱ្យខូចខាត។ អ្នកនេសាទជនជាតិវៀតណាមម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើង ហើយត្រូវបានប្រកាសថា បានស្លាប់បន្ទាប់ពីគាត់ត្រូវបាននាំយកទៅដល់ច្រាំង។
ទីភ្នាក់ងារពង្រឹងដែនសមុទ្រម៉ាឡេស៊ីបាននិយាយថា អ្នកនេសាទវៀតណាមចំនួន១៨ នាក់ទៀតត្រូវបានឃុំខ្លួនហើយនឹងត្រូវបានស៊ើបអង្កេតចំពោះបទល្មើសផ្សេងៗ រួមមានការនេសាទខុសច្បាប់ និងការប៉ុនប៉ងធ្វើឃាត៕
ផ្ដល់សិទ្ធិដោយ៖ khmernas