សង្គម
អាម៉ាប៉ាប៉ាញ៉ូស
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែនិង ថាមពលខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃអង្គារ៍ទី១៥កញ្ញាថា បុរសជនជាតិវៀតណាមម្នាក់ដែលថតបង្ហោះអំពីការជីករ៉ែត្បូង និងបង្ហោះតាមហ្វេសប៊ុកថាស្ថិតនៅខេត្តមណ្ឌលគិរីនោះ គឺជាព័ត៌មានមិនពិត ហើយតាមពិតគឺជារូបភាព ស្ថិតក្នុងប្រទេសប្រេស៊ីល។
លោកថា៖«ខេត្តយើងឯណាដែលមានអ៊ីចឹង។ តាមពិតរូបទាំងហ្នឹង គឺស្ថិតនៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែគេយករូបភាពទាំងហ្នឹង មកបង្ហោះដាក់ថាស្ថិតនៅយើង ធ្វើឱ្យផ្អើលពេញណាពេញណី»។
ការលើកឡើងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា មានជនជាតិវៀតណាមកំពុងប្រើគ្រឿងចក្រកាយយករ៉ែត្បូងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ ការផ្សព្វផ្សាយទាំងនោះ គឺយោងទៅតាមទំព័រហ្វេសប៊ុករបស់ជនជាតិវៀតណាមម្នាក់ឈ្មោះ Go Da Dang Tum ដែលថតបង្ហោះកាលពីថ្ងៃទី១៣កញ្ញា អំពីរូបភាពជីករ៉ែត្បូងនិងរូបភាពត្បូងដែលកែច្នៃហើយជាច្រើនសម្លឹក ហើយអះអាងថា ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរីក៏បានច្រាលចោលការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ជនជាតិវៀតនេះដែរ ដោយអះអាងថា គឺជាព័ត៌មានមិនពិត និងមានចេតនាបំពុលសង្គម។ លិខិតបំភ្លឺរបស់រដ្ឋបាលខេត្តចេញផ្សាយនៅថ្ងៃទី១៤កញ្ញាបញ្ជាក់ថា សមត្ថកិច្ចកំពុងស្វែងរកអ្នកបង្ហោះនេះ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕