បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូសអ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន បានជ្រាបថា ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ២ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឱ្យមានទឹកជំនន់ ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន០៤ក្រុងស្រុក និង១៨ឃុំសង្កាត់ ដែលបណ្តាលឱ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖
១-ស្រុកវាលវែង៖ ប៉ះពាល់ចំនួន៤ឃុំ រួមមានឃុំប្រម៉ាយ ឃុំអន្លង់រាប ឃុំក្រពើពីរ និងឃុំអូរសោម ស្មើនឹង២០ភូមិ ក្នុងនោះលិចដីភូមិប្រជាពលរដ្ឋ ចំនួន០៨គ្រួសារ ក្នុងនោះ០២គ្រួសារ ទឹកហូររសាត់បាត់ក្តារ ចំនួន២៤សន្លឹក តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ និងប៉ះពាល់ដំណាំ ចំនួន៣១៨,៥ហិកតា ខូចខាតដាច់ស្ពាន០៣កន្លែង ដាច់ផ្លូវ០១កន្លែង ចំនុចស្ទឹងក្រពើ និងស្រុតក្បាលស្ពាន០១កន្លែង។
២-ក្រុងពោធិ៍សាត់៖ ប៉ះពាល់០៦សង្កាត់ ស្មើនឹង១,៤២៧គ្រួសារ ក្នុងនោះលិចស្រូវ ចំនួន៨២៨ហិកតា លិចផ្លូវចំនួន១៥ខែ្ស ក្នុងនោះផ្លូវលំដីសចំនួន០១ខ្សែ ផ្លូវដីក្រហមចំនួន១១ខ្សែ ផ្លូវកៅស៊ូចំនួន០២ខ្សែ និងផ្លូវបេតុងចំនួន០១ខ្សែ។
៣-ស្រុកកណ្តៀង៖ ប៉ះពាល់០៧ឃុំ ស្មើនឹង២៧ភូមិ ក្នុងនោះលិចផ្លូវកៅស៊ូ៨.៥៥០ម៉ែត្រ ផ្លូវដីក្រហមចំនួន១.៦៨៥ម៉ែត្រ ប៉ះពាល់ស្រូវស្រាលចំនួន២៨៣ហិកតា និងបាក់ច្រាំងចំនួន០២កន្លែង។
៤-ស្រុកភ្នំក្រវាញ៖ ប៉ះពាល់០២ឃុំ ក្នុងនោះឃុំសំរោង ជម្លៀសប្រជាជនចំនួន១៨០គ្រួសារ ខូចខាតផ្លូវចំនួន១.០១៧ម៉ែត្រ និងបាក់ស្ពានចំនួន០១កន្លែង។
ក្នុងសេចក្តីជូនដំណឹងនាល្ងាចថ្ងៃទី២២ ខែកញ្ញានេះ បានបញ្ជាក់ថា៖ «ចំពោះទីតាំងដែលរងគ្រោះខាងលើ គណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។ បើយោងតាមការតាមដានកម្ពស់ទឹកនៅក្នុងថ្ងៃនេះ ឃើញថាកម្ពស់ទឹកស្ទឹងស្រុកភ្នំក្រវាញ បានថយចុះចំនួន០១តឹក នៅក្នុងក្រុងពោធិ៍សាត់ មានកម្ពស់៥,៥ម៉ែត្រដដែល»៕