សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោក ទិត្យ ណារ៉ុង ស្នងការនគបាលខេត្តសៀមរាបបានបដិសេធថា ជនជាតិហុងគ្រីដែលទទួលលទ្ធផលធ្វើតេស្ដវិជ្ជមានកូវីដ១៩នៅថ្ងៃសៅរ៌នេះ គឺមិនធ្លាប់បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដូចការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលឡើយ ហើយបុរសនេះគឺស្នាក់នៅតែក្នុងផ្ទះវីឡារបស់ខ្លួន ចាប់តាំងពីការធ្វើដំណើរមកពីទីក្រុងភ្នំពេញកាលពីថ្ងៃទី១៦កញ្ញា។
លោកបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ដំបូងឡើយដែលអាជ្ញាធររាយការណ៍ថា បុរសនេះបានគេចចេញពីកន្លែងធ្វើចត្តាឡីស័កពីផ្ទះស្នាក់នៅ ដោយសារអាជ្ញាធរបានកត់អាសយដ្ឋានស្នាក់របស់ឱ្យគាត់ឱ្យច្បាស់លាស់ស្ថិតក្នុងភូមិគ្រួស ទើបមិនអាចរកឃើញ នៅពេលមានលទ្ធផលធ្វើតេស្ដពីមន្ទីរពិសោធន៍ខេត្តសៀមរាបកាលពីថ្ងៃទី២៥កញ្ញាបង្ហាញថា គាត់សង្ស័យផ្ទុកវីរុសកូវីដ១៩។
លោកថា៖«គាត់ការពារខ្លួនគាត់ដែរ។ អត់មានទេ មិនមានការរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កឯណា។ ដោយសារយើងមិនបានកត់កន្លែងស្នាក់នៅរបស់គាត់ឱ្យបានច្បាស់ អ៊ីចឹងនៅពេលពេទ្យពិនិត្យមើលទៅថាគាត់អាចកូវីដ១៩ យើងរកអាសយដ្ឋានគាត់អត់ឃើញ។ គាត់អត់ទៅណាទេ។ គាត់បានជួលវីឡាមួយនិងស្នាក់នៅតែក្នុងវីឡាហ្នឹង»។
លោកបន្តថា ចំណែកភរិយាដែលរស់នៅជាមួយបុរសផ្ទុកកូវីដ១៩នេះ គឺធ្លាប់ធ្វើដំណើរទៅទិញឥវ៉ាន់នៅផ្សារចាស់ក្នុងក្រុងសៀមរាប។
ការលើកឡើងរបស់ស្នងការខេត្តនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃដដែលថា ជនជាតិហុងគ្រីនេះបានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កដែលជាកន្លែងស្នាក់នៅស្ថិតនៅក្នុងភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ក្រោយមានការបញ្ជូនសំណាកមកធ្វើតេស្ដឡើងវិញនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញនៅថ្ងៃទី២៥កញ្ញា និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមាន ស្រាប់តែក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្ត មិនអាចទាក់ទងគាត់បាន។
ការបញ្ជូនសំណាកមកធ្វើតេស្ដឡើងវិញនេះ គឺបន្ទាប់ពីមានការធ្វើតេស្ដនៅមន្ទីរពិសោធន៍នៅខេត្តសៀមរាបបង្ហាញថា គាត់ត្រូវបានសង្ស័យផ្ទុកកូវីដ១៩ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។ ក្រសួងព្រួយបារម្ភថា ការរត់គេចវេសនេះ នឹងអាចមានហានិភ័យឆ្លងដល់ចូលសហគមន៍ ប្រសិនបើគាត់បានធ្វើដំណើរច្រើននិងជួបមនុស្សច្រើន ហើយលទ្ធផលធ្វើតេស្ដឡើងវិញនៅភ្នំពេញវិជ្ជមាន។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយទៀតថា បុរសជនជាតិហុងគ្រីអាយុ៧០ ដែលជាបណ្ឌិតវិទ្យាសាស្រ្ដសេដ្ឋកិច្ចសរសេរសៀវភៅនោះ គឺបានសម្ងំធ្វើការនៅផ្ទះក្នុងបុរីអាថែន ក្នុងភូមិគ្រួស ហើយលទ្ធផលធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញរបស់គាត់ចេញរសៀលនេះគឺវិជ្ជមាន។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានលើកឡើងខ្លីដែរថា លោកមិនបានរាយការណ៍ថា ជនជាតិហុងគ្រីនេះរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កឡើយ និងបញ្ជាក់ថា គាត់គ្រាន់តែមិនបានផ្ដល់អាយសដ្ឋានច្បាស់លាស់ប៉ុណ្នោះ។ លោកបានជំរុញឱ្យសួរលោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលវិញ នៅពេលពីមូលហេតុដែលក្រសួងសុខាភិបាលរាយការណ៍ដំបូងថា បុរសនេះបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។
លោកស្រី ឱ វណ្ណឌីន មិនបានទាន់បានឆ្លើយតបនៅឡើយទេ។
បុរសជនជាតិហុងគ្រីនេះ ត្រូវបានសមត្ថកិច្ចដឹកមកសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តនៅម៉ោងជាង៩ព្រឹក ខណៈក្រសួងក៏បញ្ជាក់ថា កំពុងស្វែងរកអ្នកដែលអាចប៉ះពាល់ជាមួយគាត់និងប្រពន្ធរបស់គាត់បន្តទៀត។
គាត់បានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៣កញ្ញា ហើយនៅថ្ងៃទី១៦កញ្ញា បានចាកចេញពីទីក្រុងភ្នំពេញមកកាន់ខេត្តសៀមរាប។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសនេះគឺបានធ្វើដំណើរមកកាន់ខេត្តសៀមរាប ដោយជួលតាក់ស៊ីជិះតែម្នាក់ឯង ហើយបានឈប់ចាក់ប្រេងតែម្ដងគត់ ដោយមិនបានប៉ះពាល់ជាមួយអ្នកផ្សេងក្រៅពីអ្នករត់តាក់ស៊ីឡើយ។ ប៉ុន្តែនៅថ្ងៃទី១៧កញ្ញា គឺបុរសនេះបានចាកចេញពីផ្ទះតែម្ដងគត់ដោយជិះកង់បី ដើម្បីទៅទិញផ្ទាំងគំនូនៅគ្រឹះស្ថានអង្គរក្រុងសៀមរាប។
ជាមួយគ្នានេះ ប្រពន្ធរបស់គាត់ក៏បានចេញទៅផ្សារតែម្ដងគត់ដោយពាក់ម៉ាស់ការពារ ដោយសារនៅក្នុងផ្ទះមានអាហារច្រើនស្រាប់៕