សង្គម
អាម៉ាប៉ាប៉ាញ៉ូសគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) រឹបអូសបានផលិតផលក្លែងក្លាយ និងឱសថខុសច្បាប់សរុបប្រមាណជាង ៥០០តោន។ នេះបើតាមការប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។
បើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ការចុះប្រតិបត្តិការរយៈពេល៣ខែចុងក្រោយរបស់ គ.ប.ផ.ក បង្រ្កាប និងរឹបអូសបានផលិតផលជាច្រើនមុខរួមមាន៖
១. បារីអេឡេត្រូនិច (E-Cigarette) ៤៥៦ គ្រឿង និងផលិតផលស៊ីហ្សា (SISHA) ២១៩២ដបដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ។
២. ទឹកក្រូច និងទឹកផ្លែឈើ ជាផលិតផលខុសច្បាប់ និងហួសសុពលភាព ចំនួន៥៣៣តោន។ ៣. ឱសថអន់គុណភាព ហួសកាលបរិច្ឆេទ និងខុសច្បាប់ ចំនួន ២៣មុខ ស្នើនឹង ១.៥តោន។ ៤. ផលិតផលភេសជ្ជៈប៉ូវកម្លាំង (Energy Drink) ជាផលិតផលដែលបានកែច្នៃ និងបន្លំថ្ងៃខែឆ្នាំផលិត ការប្រើប្រាស់ នៅសំបកកំប៉ុងប្រមាណជាង ១២តោន ហើយបានលក់ចែកចាយអស់ប្រមាណជិត៣០០០កេសរួចទៅហើយ និងសម្ភារមួយចំនួនទៀត ដូចជា ម៉ាស៊ីនផ្លុំស្ទីកគ័រ ផ្លាស្ទីកសម្រាប់អ៊ុតកេស និងម៉ាស៊ីនកែបរិច្ឆេទ
៥. ស្រាចិនម៉ាក ម៉ៅតាយ (MOUTAI) ចំណុះ៥០០ml ចំនួន៧១ដប
៦. ផលិតផលវេជ្ជសាស្ត្រ សារធាតុសម្លាប់មេរោគ ទឹកអប់ និងផលិតផលចម្រុះជាច្រើនតោនទៀត។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក បានលើកឡើងថា ប្រសិនបើផលិតផលលក្លែងក្លាយទាំងអស់នេះ ធ្លាក់ដល់ដៃប្រជាពលរដ្ឋ យកទៅប្រើប្រាស់ នឹងអាចបង្កផលប៉ះពាល់ដល់សុខភាព។ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា គ.ប.ផ.ក បានអនុវត្តតាមបទបញ្ជារបស់ សម្តេចនាយករដ្ឋមន្ត្រី លើការងារបង្ក្រាបពាក់ព័ន្ធឧបករណ៍សម្ភារ និងសារធាតុសម្លាប់មេរោគសម្រាប់ប្រឆាំងកូវីដ-១៩ ដែលក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់ ព្រមទាំងបានរឹបអូសសរុបចំនួនជាង ១០តោនផងដែរ។
លោក មៀច សុផាន់ណា បានអះអាងថា ផលិតផលជាង ៥០០តោននេះ នឹងធ្វើពិធីកម្ទេចចោលនាពេលខាងមុខ។
សូមរំលឹកថា រហូតមកដល់ពេលនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ និងឱសថអន់គុណភាព សរុបចំនួន ៨លើកមកហើយ ពោលគឺស្មើនឹងចំនួនជិត ៥០០តោន( ឱសថ១៣តោន )៕