មតិយោបល់

អាម៉ាប៉ាប៉ាញ៉ូស

ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬ​ស្ថាប័នអន្តរជាតិដទៃទៀត។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសនានាពីប្រទេសចិន «បាន​កើនឡើង១០ដង ចាប់ពីចំនួនតិចជាង ៥០០ពាន់លានដុល្លារ ទៅដល់ ជាង៥លានលានដុល្លារអាម៉េរិក» ហើយមានការលើកឡើងជាច្រើន ជាច្រើនទាក់ទងនឹងបញ្ហានេះ ដោយចាត់ទុកថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រើប្រាស់ «ការទូតអន្ទាក់បំណុល» ដើម្បីបានចំណេញប្រយោជន៍ផ្នែកយុទ្ធសាស្ត្រទៅលើបណ្ដាប្រទេស នានា ដែលកំពុងជួបការលំបាកក្នុងការសងបំណុល ដែលខ្ចីនៅក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវាត់និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

តើប្រទេសឡាវ និងស្រីលង្កា ដែលបានផ្តល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនអគ្គិសនី និងលក់ កំពង់ផែ ទៅឱ្យភាគីចិន ជាការដាក់អន្ទាក់បំណុលរបស់ចិនមែនឬទេ? ប្រទេសឡាវ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនគ្រប់គ្រងចំណែកភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុនអគ្គិសនីរបស់ខ្លួន ដោយបានចុះកិច្ចព្រមព្រៀងចែកចំណែកភាគហ៊ុនអគ្គិសនីរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋ «Electricite du Laos» (EdL) របស់ឡាវ និងក្រុមហ៊ុនចិន «China Southern Power Grid Co»។​​ក្រុមហ៊ុនរដ្ឋឡាវ និងក្រុមហ៊ុនចិននេះ បានព្រមព្រៀងគ្នាបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា «Electricite du Laos Transmission Company Limited» (DELT) ដោយក្នុងនោះ ភាគហ៊ុនធំគ្រប់គ្រងក្រុមហ៊ុនថ្មីនេះ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចិន។ ក្រុមហ៊ុនថ្មី EDLT នឹងវិនិយោគទឹកប្រាក់ប្រហែល២ពាន់លានដុល្លារអាម៉េរិក ទៅលើការតភ្ជាប់បណ្ដាញអគ្គិសនីក្នុងស្រុក និងទៅក្រៅស្រុក ។

ប្រទេសឡាវបានវិនិយោគថវិកាយ៉ាងច្រើនទៅលើគម្រោងវារីអគ្គិសនី ដែលភាគច្រើនគាំទ្រដោយកម្ចីថវិកាពីប្រទេស​ចិន ក្នុងបំណងក្លាយខ្លួនជា «ធុងអាគុយនៃអាស៊ីអាគ្នេយ៍» ប៉ុន្តែ គម្រោងមួយចំនួនទាំងនោះ រួមទាំងគម្រោងផ្លូវរថ​ភ្លើង​ល្បឿនលឿនចិនថ្មី គម្រោងយុទ្ធសាស្រ្តផ្លូវដែករបស់ប្រទេសទាំងពីរ គឺស្របទៅតាមគោលដៅរបស់ប្រទេសនីមួយៗ ហើយវាជាការបន្ស៊ីគ្នារវាងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ភាគីចិន និងយុទ្ធសាស្រ្តរបស់ភាគី​ឡាវ ក្នុងការប្រែក្លាយពីប្រទេសឡាវដីគោកបិទជិតទៅជាប្រទេសមានផ្លូវឆ្លងកាត់ (From land-locked to land-linked country) កំពុងក្លាយជាចំណុចស្នូលនៃបញ្ហាបំណុល ។

ធនាគារពិភពលោក ក៏បានប៉ាន់ស្មានកាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅថា កម្រិតបំណុលរបស់ឡាវអាចនឹងឡើងដល់ ៦៨% នៃផលទុនក្នុងស្រុកសរុប-ផ.ស.ស នៅឆ្នាំ២០២០ កើនឡើងពី៥៩% កាលពីឆ្នាំ២០១៩។ ចំណែកទីភ្នាក់ងារកម្រិត ឥណទាន Moody បានព្រមានថា ប្រទេសនេះ ប្រហែលជាមិនអាចសងបំណុលរបស់ចិនបាននៅ​ពេល​អនាគតដ៏ខ្លីខាងមុខនេះទេ។ ទីភ្នាក់ងារ Moody ក៏បាននិយាយថា ប្រទេសឡាវនៅក្នុងឆ្នាំ២០២០នេះ ត្រូវមានកាតព្វកិច្ចសងបំណុលបរទេសប្រហែល ១.២ពាន់លានដុល្លារអាម៉េរិក ជាកម្ចីដែលខ្លួនខ្ចីពីធនាគារពាណិជ្ជ និងបណ្ណបំណុលថៃ ដែលត្រូវទូទាត់ជាសាច់ប្រាក់នៅខែកញ្ញា និងខែតុលា ប៉ុន្តែ ទុនបម្រុងអន្តរជាតិរបស់ឡាវ គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ មានតែ ៨៦៤ លានដុល្លារអាម៉េរិក ប៉ុណ្ណោះ។

ចំណែកប្រទេសស្រីលង្កា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាលក់កំពង់ផែនៅតំបន់​ទឹកជ្រៅ «Hambantota» ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស្រីលង្កា ដើម្បីយកប្រាក់ដែលបានមកពីការលក់កំពង់ផែ នោះ ទៅសងបំណុលបរទេស ដែលនៅក្នុងនោះ មានមួយភាគជាបំណុលពីប្រទេសចិន។ រដ្ឋាភិបាលស្រីលង្កាសម្រេចលក់កំពង់ផែ Hambantota និងដីទំហំ ១៥,០០០ ហិចតា នៅក្បែរកំពង់ផែសម្រាប់ធ្វើជាតំបន់ឧស្សាហកម្ម ទៅឱ្យក្រុមហ៊ុនរដ្ឋចិន ក្នុងតម្លៃ ១ពាន់ ១រយលានដុល្លារ សម្រាប់គម្រោងវិនិយោគរយៈពេល​៩៩ឆ្នាំ ។ កិច្ចសន្យាលក់កំពង់ផែក្នុងស្រុកទៅឱ្យក្រុមហ៊ុនចិន ត្រូវបានពន្យារពេលជាច្រើនដង ដោយសារចលនាប្រឆាំងពីសហ​ជីពកម្មករនៅកំពង់ផែផ្ទាល់ និងពីក្រុមបក្សប្រឆាំងរបស់ ស្រីលង្កា ដែលបារម្ភពីផលអាក្រក់ពីរយ៉ាង។ ទីមួយ គេខ្លាច​ក្រែងចិនប្រើកំពង់ផែ Hambantota ជាមូលដ្ឋានទ័ព និងទី២ គេបារម្ភថា ចិនបង្កើតតំបន់អាណានិគមកិច្ចនៅក្នុងទឹកដីស្រីលង្កា។ ដើម្បីធានាថា ចិននឹងមិនអាចប្រែក្លាយកំពង់ផែទៅជាកន្លែងតាំងទ័ពចិន ទៅថ្ងៃអនាគត រដ្ឋាភិបាលស្រី​​លង្កា​បានអះអាងថា ខ្លួនបានបញ្ចុះចំណែកភាគហ៊ុនរបស់ចិន នៅក្នុងការគ្រប់គ្រងកំពង់ផែ ពី៨០ភាគរយ មកនៅ​៧០​ភាគរយ ចំណែក បញ្ហាសន្តិសុខ ការធ្វើគមនាគមន៍ផ្លូវទឹក ត្រូវគ្រប់គ្រងនិងសម្រេច ដោយរដ្ឋាភិបាលស្រីលង្កា គឺមិន​មែនដោយភាគីក្រុមហ៊ុនចិននោះឡើយ។

កំពង់ផែ Hambantota ចាប់បើកដំណើរការនៅឆ្នាំ២០១០ នៅក្រោមជំនួយឥណទានរបស់ចិនប្រមាណ ១ពាន់ ៣​រយលានដុល្លារអាម៉េរិក។ ដោយសារទីតាំងសេដ្ឋកិច្ច មិនសូវអំណោយផល ព្រោះថា ទំនិញភាគច្រើនត្រូវស្រូបដោយកំពង់ផែដ៏ធំនៅក្រុងកូឡុំបូ កំពង់ផែ Hambantota រកប្រាក់ចំណូលមិនសូវបាន និងបានធ្វើឱ្យរដ្ឋស្រីលង្កាជាប់បំណុល ដោយសារតែការខាតបង់ប្រមាណ ៣០០លានដុល្លារ ចាប់តាំងពីបើកសម្ពោធកំពង់ផែនោះមក។ កិច្ចសន្យាលក់កំពង់ផែ Hambantotaទៅឱ្យចិន បានជួយឱ្យរដ្ឋាភិបាលនៃប្រទេសនេះយកប្រាក់ទៅសងបំណុលរបស់បរទេស ប្រមាណ៦៥ពាន់លានដុល្លារ ដែលនៅក្នុងនោះ៨ពាន់លានដុល្លារ ជាបំណុលដែលស្រីលង្កាជំពាក់​ចិន។

កំពង់ផែ Hambantotaជាកំពង់ផែធំទី២ របស់ស្រីលង្កា ដែលចិនបានផ្តល់ថវិកាសាងសង់ ក្រោមស្លាកប្រាក់ជំនួយ​ឥណ​ទានហើយឥណ្ឌាព្រួយបារម្ភពីការពង្រីកដែនទឹក ជាពិសេស វត្តមានកងទ័ពរបស់ចិននៅស្រីលង្កា ដែលស្ថិតនៅចុងច្រមុះមិនឆ្ងាយប៉ុន្មានពីប្រទេសខ្លួន។ ប៉ុន្តែក្រុង ប៉េកាំងបានអះអាងថា កំពង់ផែនៅស្រីលង្កានឹងដើរតួជាចំណតសំខាន់នៅក្នុងនយោបាយសេដ្ឋកិច្ច ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលចិនត្រូវការប្រើសម្រាប់ភ្ជាប់ពីអាស៊ីទៅអឺរ៉ុប។ បន្ថែមសេចក្តីសន្និដ្ឋានសម្រាបករណីស្រីលង្កានិងឡាវនៅទីនេះ មុននឹងចូលករណីកម្ពុជា។

សម្រាប់ករណីប្រទេសឡាវ និងស្រីលង្កា រដ្ឋាភិបាលនៃ ប្រទេសទាំងពីរមិនបាន ប្រយ័ត្នប្រយ៉ែងក្នុងការកំណត់ពិដាននៃកម្ចីបរទស ទើបបានជាប់បំណុលបរទេស ដែល ភាគច្រើនពីប្រទេសចិន រហូតមិនអាចមានលទ្ធភាពទូទាត់ សង​ត្រឡប់ទៅវិញតាម កាលកំណត់បាន ទើបឈានទៅដល់ការផ្ទេរសិទ្ធគ្រប់គ្រង និងលក់ សម្បត្តិរដ្ឋ ដើម្បីទូទាត់សងបំណុលបរទេសមួយចំនួន ក្នុងពេលដែលរដ្ឋាភិបាល មិនមានលទ្ធភាព គ្រប់គ្រាន់ ឬ ហៅម្យ៉ាងទៀតថា បំណុលបរទេសបានឡើងហួសពិដាននៃកម្ចី។ ករណីប្រទេសស្រីលង្កា និងឡាវ នាំឱ្យមានមជ្ឈដ្ឋានមួយចំនួនសម្តែងកង្វល់ថា កម្ពុជា អាចនឹងជាប់បំណុលចិន ដែលមិនអាចសងបានផងដែរនៅពេលខាងមុខ បើសិនជាមិន មានការប្រយ័ត្នប្រយែង។

សម្រាប់ប្រទេសកម្ពុជា គិតមកទល់នឹងពេលនេះ បំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេស គឺស្ថិតនៅក្រោម​៣០% ធៀបនឹង ផ.ស.ស ដែលជាទំហំមួយតិចតួច បើធៀបនឹងប្រទេសជិតខាងផ្សេងទៀតដូចជា ឡាវ មានរហូតពី ៥៩% ទៅ ៦៨% នៃ ផ.ស.ស និងវៀតណាម មានរហូតពី ៦០% ទៅ ៧០% នៃ ផ.ស.ស ឯណោះ។ នេះសបញ្ជាក់​ឱ្យឃើញថា កម្ពុជានៅតែមានលទ្ធភាពខ្ចីបំណុលពីបរទេស និងស្ថាប័នដៃគូអន្តរជាតិនានាបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សូមបញ្ជាក់ថា យោងតាមយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ អនុបាតតម្លៃបច្ចុប្បន្ន​នៃបំណុលសាធារណៈ សរុប ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៥៥% ដែលក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រៅ (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៤០% និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រៅ (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ១៥% ដូច្នេះបំណុលសាធារណៈក្រៅប្រទេស របស់កម្ពុជានៅមានចីរភាព និងហានិភ័យទាប។

តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសន្និធិបំណុលសាធា​រណៈ​សរុបចំនួន ៧,៥៩៩ លានដុល្លារអាម៉េរិក ក្នុងនោះ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ០.០៤% ស្មើនឹង២.៧៤ លានដុល្លារអាម៉េរិក និងបំណុលសាធារណៈក្រៅប្រទេសមានចំនួន ៩៩.៩៦ % ត្រូវនឹងប្រមាណ ៧,៥៩៦ លានដុល្លារ ដែលក្នុងនោះ ៤០% ជាបំណុលរបស់ប្រទេសចិន។ របាយការណ៍បានបង្ហាញទៀតថា ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូន ដៃគូអភិវឌ្ឍន៍សរុបចំនួន ជាង ៣០៨ លានដុល្លារអាម៉េរិក។ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១.៦៩ ពាន់លានដុល្លារអាម៉េរិក ។ សូមបញ្ជាក់ផងដែរថា អត្រាការប្រាក់ដែលកម្ពុជាខ្ចីពីចិនមានបីប្រភេទ គឺ មាន(០%), ១.២៥% និង២%។ ០% ជាកម្ចីគ្មានការប្រាក់, ១.២៥% គឺសម្រាប់កម្ចីជាលុយយ័ន និង២% សម្រាប់កម្ចីជាលុយដុល្លារអាម៉េរិក ហើយសងមក​វិញក្នុងរយៈពេល២០ឆ្នាំ តែអាចពន្យារពេល សងបានរយៈពេល៧ឆ្នាំដោយមិនមានការផាកពិន័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor