
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រើច្បាប់សកលលម៉ែកនីតស្គី(Global Mangitsky Act) ដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុនUnion Development Group ដែលគ្រប់គ្រងដោយរដ្ឋចិន ដោយសារសកម្មភាពពុករលួយរបស់ក្រុមហ៊ុននេះនៅលើទឹកកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអាមេរិកនេះកាលពីថ្ងៃអង្គារ៌ទី១៥កញ្ញា។
សេចក្ដីប្រកាសព័ត៌មាននេះបន្តថា ការចាត់វិធានការនេះ គឺបង្ហាញពីរបៀបដែលគណបក្សកុម្មុយនិស្តចិន សហការជាមួយក្រុមហ៊ុននានា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនរួមទាំងតាមរយៈការធ្វើការងារជាមួយមន្រ្តីពុករលួយ ដើម្បីប្រើកម្លាំងយោធាប្រឆាំងនឹងប្រជាជនស្លូតត្រង់ ក្នុងការប៉ុនប៉ងដោយឥតលាក់លៀមដើម្បីទទួលបានប្រាក់ចំណេញខុសច្បាប់។
ក្រសួងរតនាគារអាមេរិកអះអាងថា មានរបាយការណ៍គួរឱ្យទុកចិត្តថា គម្រោងអភិវឌ្ឍន៍ឆ្នេរនៅតំបន់តារាសាគរក្នុងខេត្តកោះកុងដោយក្រុមហ៊ុនចិននេះថា អាចត្រូវបានប្រើជាកន្លែងឈរជើងដោយយោធាចិន ហើយប្រសិនបើដូច្នេះ វានឹងរំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងអាចគំរាមកំហែងដល់ស្ថេរភាពភាពតំបន់ឥណ្ឌូនិងប៉ាស៊ីហ្វិក ដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងសន្តិសុខរបស់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជាបានជួលដីរយៈពេល៩៩ឆ្នាំឱ្យក្រុមហ៊ុនUnion Development Group ដើម្បីអភិវឌ្ឍគម្រោងតំបន់តារាសាគរនៅលើទីតាំងដែលមានទំហំជិត២០ភាគរយ នៃឆ្នេរសមុទ្រសរុបរបស់ប្រទេស។ គម្រោងនេះ គឺមានការអភិវឌ្ឍន៍កំពង់ផែ ព្រលានយន្តហោះ និងទីក្រុងរណប។
សេចក្ដីប្រកាសដដែលបញ្ជាក់ថាទៀតថា ដោយសារមានការជាប់ពាក់ព័ន្ធនឹងអតីតមន្រ្តីយោធាកម្ពុជាម្នាក់ គឺកម្លាំងយោធាបានឈូសឆាយដីដែលបានជួល ដោយប្រើប្រាស់អំពើហិង្សាទៅលើពលរដ្ឋ ហើយបន្ទាប់មក លោក គុន គីម អតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានទទួលអត្ថប្រយោជន៍ហិរញ្ញវត្ថុយ៉ាងច្រើនពីទំនាក់ទំនងនេះជាមួយក្រុមហ៊ុនចិន ខណៈដីមួយចំនួន កំពុងស្ថិតក្នុងការសង្ស័យថា នៅក្នុងឧទ្យានជាតិបុទុមសាគរជាតំបន់សម្រាប់ការពារធម្មជាតិ។
ការដាក់ទណ្ឌកម្មនេះ គឺដើម្បីបង្កក់ទ្រព្យសម្បត្តិនិងផលប្រយោជន៍ទាំងអស់ របស់ក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធ និងបុគ្គលទាំងអស់ដែលមានកម្មសិទ្ធិផ្ទាល់ឬដោយប្រយោល ៥០ ភាគរយឬច្រើនជាងនេះ ដើម្បីរាយការណ៍ទៅការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស(OFAC)របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
បទបញ្ញត្តិរបស់ OFAC ជាទូទៅគឺហាមឃាត់រាល់ប្រតិបត្តិការទាំងអស់ដោយពលរដ្ឋអាមេរិក ឬអ្នកស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឬផលប្រយោជន៍ណាមួយនៅក្នុងទ្រព្យសម្បត្តិរបស់អ្នកត្រូវទណ្ឌកម្មទាំងនោះ។
ការហាមឃាត់ទាំងនោះ រួមមានការចូលរួមវិភាគទានឬការផ្តល់មូលនិធិ ទំនិញ ឬសេវាកម្ម ដើម្បីជាប្រយោជន៍ដល់បុគ្គលដែលត្រូវបានរារាំង ឬការទទួលបានវិភាគទាន ឬការផ្ដល់មូលនិធិទំនិញឬសេវាកម្មណាមួយពីបុគ្គលដែលរងទណ្ឌកម្មនេះ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបានជំទាស់និងថ្កោលទោសចំពោះការដាក់ទណ្ឌកម្មនេះ រួមទាំងស្នើឱ្យសហរដ្ឋអាមេរិកដកការដាក់ទណ្ឌកម្មវិញជាបន្ទាន់ ដោយបានថា សហរដ្ឋអាមេរិកបានប្រែក្រឡាស់រឿងពិត ចោទប្រកាន់មិនសមហេតុផល និងបានប្រើច្បាប់ក្នុងប្រទេសខ្លួនដើម្បីដាក់ទណ្ឌកម្មក្រុមហ៊ុនចិនក្នុងទឹកកម្ពុជា ដែលជាសកម្មភាពប្រើអំណាចគាបសង្កត់យ៉ាងខ្លាំង។
អ្នកនាំពាក្យស្ថានទូតនេះបន្តថា ការគាបសង្កត់ មិនត្រឹមតែប៉ះពាល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់សហគ្រាសរបស់ខ្លួនទេ ប៉ុន្តែរឹតតែរំលោភបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ស្ថានទូតចិនបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ គឺជាគម្រោងអនុលោមតាមច្បាប់និងបទបញ្ញត្តិនានារបស់កម្ពុជា និងដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា៕