សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ អាជីវករលក់ដូរសម្ភារសម្រាប់ប្រគេនព្រះសង្ឃ ត្អូញត្អែរអំពីការធ្លាក់ចុះប្រាក់ចំណូល ដោយសារវិបត្តិកូវីដ១៩ បន្តធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋធ្លាក់ចុះ និងធ្វើឱ្យអ្នកខ្លះកាត់បន្ថយការចំណាយផ្សេងៗដែលមិនសូវចាំបាច់។
លោក គឿន គីនីន អ្នកលក់សាដកនិងផ្លែឈើគ្រប់ប្រភេទនៅក្នុងផ្សារក្រមួនបានលើកឡើងថា វិបត្តិកូវីត១៩ បានធ្វើឱ្យលោកអាចលក់សាដកបានប្រាក់ចំណូលពី៦ម៉ឺនទៅដល់ប្រហែល១០ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលខុសគ្នាប្រហែលពាក់កណ្ដាល បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងឆ្នាំកន្លងមក។
លោកថា៖«តម្លៃសាដកមានតាមប្រភេទ មានតម្លៃ១៧០០០រៀល និង១៥០០០រៀល ថ្ងៃខ្លះដូចជាសៅរ៌និងអាទិត្យគឺលក់ដាច់បាន១០សាដក ប៉ុន្តែថ្ងៃផ្សេងទៀត លក់អត់ដាច់ទេ គឺបានប្រហែល៣ឬ៤សាដកប៉ុណ្ណោះ»។
លោកស្រី ម៊ូ ចាន់ថុល អ្នកលក់ម្នាក់ទៀតបានលើកឡើងដែរថា ឆ្នាំកន្លងមកដែលមិនមានជំងឺរាតត្បាត លោកស្រីអាចលក់បានក្នុងមួយថ្ងៃពី២០ ទៅ៣០សាដក ក្នុងរដូវកាន់បិណ្ឌ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺអាចលក់បានត្រឹមតែ ១០ប៉ុណ្ណោះ។
លោកស្រីថា៖«លក់ដាច់តែថ្ងៃសីលទេ ថ្ងៃធម្មតាបានតិតតក់ៗ បើកាលឆ្នាំមុនលក់ដាច់ច្រើន ពេលកូវីដចូលមកមានការថយចុះច្រើន»។
ជាមួយគ្នានេះ លោកស្រី វួច សីម ដែលបានប្រកបរបរលក់សាដកអស់រយៈពេលជាង២០ឆ្នាំបាននិយាយថា កន្លងមកលោកស្រីជាអាជីវករលក់សម្ភារប្រគេនព្រះសង្ឃនៅផ្សារតាខ្មៅ ប៉ុន្តែដោយសារឧស្សាហ៍មានជំងឺហើយវ័យកាន់តែជរា ក៏បានប្ដូរទីតាំងមកលក់នៅសង្កាត់ចាក់អង្រែក្រោមវិញ។
លោកស្រីថា៖«បើលក់នៅតែអត់ដាច់ទៀតខ្ញុំឈប់លក់ហើយ កាលមិនទាន់មានកូវីដ លក់ដាច់ជាង២០សាដក តូចបំផុតក៏បាន១០ដែរ ព្រលឹមឡើងដឹងតែគេមកទិញហើយ»។
សាដកមានច្រើនប្រភេទ ខ្នាតធំ តម្លៃចាប់ពី២០០០រៀលឡើងទៅ និងខ្នាតតូចចាប់ពី ១៥០០០រៀល ក្នុងនោះមានដូចជា ស្ករស ទឹកដោះគោ តែ ច្រាសនិងថ្នាំដុសធ្មេញ ស្បង់ជីវរបស់ព្រះសង្ឃជាដើម៕