header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការនគរបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់ជាថ្មី​ទៀត​ថា ការ​​ធ្វើ​សៀវភៅ​គ្រួសារ សៀវភៅស្នាក់នៅ​ និង​អត្តសញ្ញាណប័ណ្ណ មិន​តម្រូវ​ឱ្យ​បង់​​ឡើយ។

នេះបើតាម​ការ​បញ្ជាក់​របស់ស្នងការនៅលើទំព័រហ្វេ។សបុករបស់ខ្លួន។

ទោះជាយ៉ាងនេះក្ដី ការផ្តល់សេវាសាធារណៈ ទោះ​ជាអាជ្ញាធរ​បញ្ជាក់​ថា មិន​គិតថ្លៃ​សេវាយ៉ាង​ណា​ក្តី តែពលរដ្ឋនៅមួយចំនួនបាន​ត្អូញ​ត្អែរលើការចំណាយក្រៅផ្លូវការដដែល​។

ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច កាលពីពេល​​កន្លងមក​​បានចេញប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់តម្លៃការផ្តល់សេវា រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីយកថវិកាជាប្រយោជន៍ដល់ប្រទេសជាតិ ហើយនៅក្នុងប្រកាសនោះបានលុបចោលថ្លៃសេវាសម្រាប់ការងាររដ្ឋបាលមួយចំនួន គឺមិនយកលុយពីប្រជាពលរដ្ឋនោះទេ។

តាមប្រកាសនោះ សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដែលមិនយកកម្រៃពីប្រជាពលរដ្ឋមានដូចជាៈ ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយ ប្រជាពលរដ្ឋខ្មែរ ការផ្តល់សៀវភៅស្នាក់នៅ ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ ការផ្តល់សៀវភៅគ្រួសារ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ 

នៅក្នុងប្រកាសអន្តរក្រសួងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដែលមានការចុះហត្ថលេខារួមគ្នារវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនី្នរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា អនុញ្ញាតឲ្យក្រសួងមហាផ្ទៃអនុវត្តការប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ សេវារដ្ឋបាលដែលផ្តល់ដោយក្រសួងមហាផ្ទៃ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋបាល ដែលមានវាយលម្អិតអំពីតម្លៃសេវា រយៈពេលអតិបរមា នៃការផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវារដ្ឋបាលនិមួយៗ។

ក្រសួងមហាផ្ទៃត្រូវបិទផ្សាយជាសាធារណៈ ពិសេសនៅកន្លែងផ្តល់សេវានូវស្តង់ដារសេវារដ្ឋបាល ក្នុងនោះរួមមាន៖ តារាងកម្រងសេវារដ្ឋបាល ទម្រង់ឯកសារ នីតិវិធីសម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង់ កម្រៃសេវារដ្ឋាបាល។ក្រសួងមហាផ្ទៃត្រូវរៀបចំឲ្យមានកន្លែងទទួលពាក្យបណ្តឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដាសេវា ឬមានការយកកម្រៃលើសពីការកំណត់ ឬមានការយឺតយ៉ាវហួសរយៈពេលអតិបរមា នៃការផ្តល់សេវាជាដើម។ ក្រសួងមហាផ្ទៃមានភារកិច្ចប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល។ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រាក់ចំណូលដែលប្រមូលបាន បង់ប្រាក់ចំណូលចូលថវិកាជាតិ និងធ្វើសលាកប័ត្រចំណូលនៅក្នុងជំពូក គណនី អនុគនី នៃមាតិកាចំណូលថវិកា។

រាល់ការទទួលប្រាក់ចំណូលពីកម្រៃសេវារដ្ឋាបាលដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឲ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់និងសារាចរណ៍ណែនាំស្តីពីការគ្រប់គ្រងបង្កាន់ដៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងមហាផ្ទៃត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការនៅកន្លែងផ្តល់សេវា ដែលមានលក្ខណៈជាច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឲ្យបានទាន់ពេលវេលាតាមការកំណត់។

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ត្រូវធ្វើរបាយការណ៍បូកសរុបស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឲ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំ បន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post