បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូស
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះកាលពីថ្ងៃទី០៣ខែកញ្ញាថា ការស្នើសុំយូណេស្កូដាក់ព្រែកកាំពីជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកនេះនឹងអាចបង្កើនកម្លាំងការពារធនធានធម្មជាតិបានកាន់តែច្រើននិងកាន់តែល្អ។
លោក នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា«បើសិនជាតំបន់ព្រែកកាំពីនិងតំបន់ដែលពាក់ព័ន្ធជាមួយការអភិរក្សសត្វផ្សោតនេះ ត្រូវបានរៀបចំគ្រប់គ្រាន់នូវឯកសារពេញលេញហើយហើយយើងដាក់ទៅកាន់អង្គការយូណេស្កូ អង្គការយូណេស្កូគាត់ទទួលយកដាក់ជាបញ្ជីត្រៀមសម្រាប់ការស្នើសុំទៅជាបេតិកភណ្ឌពិភពលោកនេះពិតជាល្អប្រសើសម្រាប់ប្រទេសកម្ពុជារបស់យើងបន្ថែមទៀតក្នុងន័យមួយគឺ ទី១យើងប្រមូលកម្លាំងគ្នាដើម្បីការពារនិងអភិរក្សតំបន់សត្វផ្សោតទឹកសាបនេះផង។ ទី២ជាផ្នែកមួយនៃការទាក់ទាញទេសចរមិនមែនត្រឹមតែប្រជាជនកម្ពុជាទេក៏ប៉ុន្តែប្រជាជនលើពីភពលោកក៏គេចង់ឃើញ គេធ្លាប់ឃើញសត្វផ្សោតសមុទ្រ ក៏ប៉ុន្តែសត្វផ្សោតទឹកសាបប្រហែលជាកម្រនឹងឃើញ»។
បើតាមលោក នេត្រ ភក្រ្តា ក្រៅពីព្រែកកាំពី នៅមានតំបន់ការពារធម្មជាតិបីកន្លែងទៀតគឺ ជម្រកត្វព្រៃព្រែកប្រសព្វ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងសហគមន៍ការពារធម្មជាតិត្មាតប៉ើយ ក៏រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងស្នើសុំអង្គការយូណេស្កូដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកដែរ។
តាមរយៈការងារអភិរក្សរបស់ក្រុមអង្គការWWFក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផលនិងអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាចំនួនសត្វផ្សោតបានកើនឡើងពី៨០-៩២ក្បាលក្នុងឆ្នាំ២០១៧ ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេលជាងម្ភៃឆ្នាំ។ តាមការសិក្សាស្រាវជ្រាវចំនួនសត្វផ្សោតកើនឡើងពី១៣ក្បាលនៅឆ្នាំ២០១៥ទៅ១៨ក្បាលនៅឆ្នាំ២០១៧៕
ប្រភព៖ ក្រសួងព័ត៌មាន