
សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ អង្គការមេត្រីអន្តរជាតិ (AIM) អង្គការពន្លកថ្មី និង អាជ្ញាធរមូលដ្ឋាន បានឃាត់ខ្លួនស្រ្តីចំណាស់ម្នាក់ ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ៧នាក់ឲ្យដើរសុំទានដើម្បីរកលុយចិញ្ចឹមខ្លួន នៅចំណុចតាមសួនច្បារ ម្តុំសណ្ឋាគារសុខា ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ស្ត្រីចំណាស់រូបនេះឈ្មោះ អ៊ុ យឿន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរមិនពិតប្រាកដ ។

ស្ត្រីចំណាស់រូបនេះបានសារភាព ប្រាប់សមត្ថកិច្ចថា ជារៀងរាល់ព្រឹក គឺគាត់បាននាំក្មេងៗ ទៅសុំទាន តាមសួនច្បារ ម្តុំសណ្ឋាគារសុខា រហូតដល់ពេលល្ងាច ទើបឲ្យក្មេងៗដេកនៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋ នៅម្ដុំជ្រោយចង្វាវិញ ។
ស្ត្រីដដែលនោះបានបន្ថែមទៀតថា ក្មេងៗម្នាក់ៗក្នុង១ថ្ងៃ អាចសុំទានបានលុយ ពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល រួចស្រ្តីនោះយកទាំងអស់ ដោយឲ្យក្មេងៗម្នាក់ ត្រឹមតែ ១,៥០០រៀល ឬ២,០០០រៀល ប៉ុណ្ណោះ គ្រាន់ទិញអីហូប ។

សូមបញ្ជាក់ផងដែរស្រ្តីរូបនេះ ជាមនុស្សញៀនស្រា ថ្ងៃណាមួយដែលក្មេងៗមិនដើរសុំទាន់ស្រ្តីនោះវៃដំទៅលើក្មេងៗនោះផងដែរ បច្ចុប្បន្ន ស្រ្តីរូបនេះ កំពុងឃាត់ខ្លួនសាកសួរតាមនីតិវិធី ចំណែកកុមារទាំង៧នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕

