ពលករម្នាក់នាក់បានបាត់ខ្លួនកាលពីល្ងាចម៉ោងជាង៥ល្ងាចថ្ងៃម្សិលមិញ បន្ទាប់​ពី​ឆ្លង​ដែន​ចេញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ដោយជិះចានដែកទាំងប្រថុយប្រថានតាមអូរ ហើយ​ត្រូវទឹក​កួច​ឲ្យ​ក្រឡាប់​ចាន​ដែក​លិច​បាត់​ស្ថិត​នៅ​ចំណុច​​ភូមិ​​អូរ​ឈើ​ក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កញ្ញានេះថា ស្រ្ដី​អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុង​សួង ខេត្តត្បូងឃ្មុំ គឺបាន​បាត់​ខ្លួន​បន្ទាប់​ជិះ​ចាន​ដែក​ឆ្លង​កាត់​អូរមួយកន្លែងប្រវែងទទឹង២០ម៉ែត្រ ស្ថិតនៅព្រំដែនកម្ពុជាថៃ។

លោកថា តំបន់បាត់ខ្លួន គឺជាអូរតូចមួយដែលមានទឹកតិចនៅរដូវប្រាំង ប៉ុន្តែនៅក្នុងរដូវវស្សា​ទឹកក្នុងអូរ​បាន​ជន់​ឡើង​ដោយ​សារទឹកធ្លាក់ពីលើភ្នំ និងបានធ្វើឱ្យអូរមានទឹកកាន់់តែធំប្រហាក់ប្រហែលស្ទឹង។ លោកបញ្ជាក់ថា អាជ្ញា​ធរ​បានទទួលដំណឹងអំពីការបាត់ខ្លួនស្រ្ដីនេះពីកូនស្រី នៅម៉ោងប្រហែល៩យប់ ហើយមកដល់ពេលនេះ មិន​ទាន់​បានរកឃើញនៅឡើយ។

លោកថា៖«យើងមិនទាន់ដឹងថា គាត់ជាពលករលួចឆ្លងដែនចេញពីថៃវិញដោយខុសច្បាប់ឬយ៉ាងម៉េចទេ។ យើង​កំពុងឱ្យកម្លាំងស្រាវជ្រាវមើល។ កន្លែងអូរហ្នឹង មិនមែនមានមនុស្សឆ្លងកាត់ចេញចូលថៃជាទម្លាប់ទេ ដោយសារកន្លែងនោះ សុទ្ធតែគ្មានផ្លូវដើរ»។

ដំបូងឡើយ អគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយថា ពលករចំណាកស្រុកសរុបចំនួន ១១ នាក់ បាន​នាំ​គ្នា​ឆ្លង​ដែនតាមទឹកមកកម្ពុជាវិញ តាមចានដែក បានរួចផុតចំនួន ០៩ នាក់ មកដល់ត្រើយម្ខាង ខាង​នៃ​ទឹក​ដី​កម្ពុជា​  ហើយអ្នកបាត់ខ្លួន គឺមាន២នាក់៕

ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor