អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ បានកើនឡើងដល់២នាក់ ខណៈ​នៅ​ខេត្ត​កោះ​កុង ទើបបានរកឃើញសាកសពក្មេងស្រីម្នាក់ទៀតនៅថ្ងៃសៅរ៌នេះ ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​ត្រូវ​រលក​ទឹក​ទាញចូលទៅក្នុងសមុទ្រលង់ទឹកស្លាប់ក្នុងខេត្តនេះ កើន​ដល់២នាក់។ សរុបអ្នក​ស្លាប់​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រទាំងពីរនេះកើនដល់៤នាក់។

នៅថ្ងៃសៅរ៌នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរាយការណ៍ករណី​លង់​ទឹក​ស្លាប់​ម្នាក់​ទៀត ជា​ស្រ្ដី​អាយុ​៣៥​ឆ្នាំ រស់នៅក្នុងសង្កាត់លេខ១ ក្រុង​ព្រះសីហនុ។ ស្រ្ដីរងគ្រោះនេះ បានបាត់ខ្លួន​អស់​រយៈ​ពេល​មួយ​ថ្ងៃតាំងពីរសៀលថ្ងៃសុក្រ បន្ទាប់ពី​ធ្វើ​ដំណើរ​ទៅ​រក​ប្តី​ដោយ​បាន​ដើរ​ឆ្លង​កាត់​ប្រឡាយ​ជីក​មួយ​កន្លែង ហើយបានរអិលធ្លាក់ចូលក្នុងទឹកដែល​កំពុង​ហូរខ្លាំង និងត្រូវបាន​រក​ឃើញ​សាក​សព​នៅ​ថ្ងៃ​សៅរ៌​នេះ។

ខេត្តព្រះសីហនុដែលរងការវាយប្រហារខ្លាំងជាងគេដោយសារឥទ្ធិពលព្យុះនូល គឺបាន​ជួប​គ្រោះ​ទឹក​ជំនន់​ទឹកភ្លៀងតាំងពីថ្ងៃទី១៧កញ្ញា នៅស្រុកព្រៃនប់និងនៅក្រុង​ព្រះ​សី​ហ​នុ​។ កាលពីថ្ងៃទី១៧កញ្ញា កុមារី​អាយុ​១​ឆ្នាំ៨ខែម្នាក់ បានរអិលធ្លាក់ចេញពីដៃឪពុកចូល​ក្នុង​ទឹក​ហូរកួច​អណ្តែត​ទៅ​បាត់​ នៅ​ពេល​ទឹក​ភ្លៀងបានហូរកាត់លិចលំនៅឋានជាច្រើន​ខ្នង ហើយ​ត្រូវ​បាន​សមត្តកិច្ចបាន​រក​ឃើញ​សព​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃទី១៨កញ្ញា ដែល​អណ្តែត​​ទើរ​លើ​ដើម​ឈើចម្ងាយពីផ្ទះប្រមាណជាងបីរយម៉ែត្រ។

ចំណែកនៅក្នុងខេត្តកោះកុងវិញ ព្យុះនេះបានបោកបក់ខ្លាំងនៅលើផ្ទៃសមុទ្រ បណ្ដាល​ឱ្យ​មាន​រលក​ទឹក​បោក​បក់​ធំ​ៗ​ខុសពីធម្មតា។ បងប្អូនបង្កើតប្រុសស្រី២នាក់ ត្រូវបាន​រលក​ទឹកសមុទ្រទាញ​ចូល​ទៅ​ក្នុងសមុទ្រ កាល​ពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅ​ចំណុច​ឆ្នេរពយស្ងាវ ស្ថិត​ក្នុងភូមិព្រែកស្មាច់ ឃុំ​កោះ​ស្តេច ស្រុកគិរី​សាគរ។

ប្អូនប្រុសអាយុ​១៥ ត្រូវបានរកឃើញលង់ទឹកស្លាប់នៅថ្ងៃទី១៨កញ្ញានេះ ខណៈ​បង​ស្រី​ដែល​​មាន​អាយុ​១៧ឆ្នាំ បន្តបាត់ខ្លួន។ នៅថ្ងៃសៅរ៌នេះ រដ្ឋបាលខេត្តកោះកុង​បាន​អះ​អាង​ថា ក្មេងស្រីនោះ ត្រូវ​បាន​រក​ឃើញសាកសពដែលបានអណ្ដែតទៅក្បែរក្រុមហ៊ុន យូ​ញៀន​។

ក្រសួងធនធានទឹកបានព្យាករណ៍ថា ឥទ្ធិពលព្យុះនូលនឹងកើតមាន​នៅកម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​២០​កញ្ញា ដែលថ្វើឱ្យខេត្តនៅតាមតំបន់មាត់សមុទ្រប្រឈមខ្លាំងនឹងជំនន់ទឹកភ្លៀង ហើយ​ទន្លេ​មេ​គង្គ​នឹង​ឡើង​ជា​បន្ត​បន្ទាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor