ខេត្តពោធិ៍សាត់ ៖ ប្រទះឃើញសាកសពបុរសម្នាក់ កាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ដែលគេដឹងថាជាអ្នកដែលចូលទៅលួចត្រីនៅក្នុងស្រះចិញ្ចឹមត្រីនៅកន្លែងខាងលើ។
ជនរងគ្រោះ ឈ្មោះ លី សុភា អាយុ២៨ ឆ្នាំ ភេទប្រុស រស់នៅភូមិឃុំខាងលើ ចំណែកម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ លី សុង អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា។
តាមការរៀបរាប់របស់ស្រ្តីឈ្មោះហឿន សារុំ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្ដីគាត់បានបាត់ចេញពីផ្ទះរយៈពេល២យប់មកហើយ លុះមកដល់ថ្ងៃទី២៣ម្សិលមិញនេះ ស្រាប់តែសមត្ថកិច្ច បានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់មាត់ស្រះចិញ្ចឹមត្រីខាងលើ ។
ក្រោយពេលកើតហេតុ តាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសបានសន្និដ្ឋានថាសាកសពបានស្លាប់លើសពី១០ម៉ោងទៅហើយ សាកសពមានស្ពាយត្រីលើស្មា នៅលើទ្រូងដោះខាងស្តាំស្មើ ៦ សង់ទីម៉ែត្រ មានស្នាមរលាត់ឆេះ ទំហំ 4cm × 1cm ស្មាខាងឆ្វេងស្នាមឆូត 11cm រលាត់ស្បែក និងស្នាមជាំក ស្តាំរលាត់ទាក់វល្លិ៍ មេដៃស្តាំ ប្រអប់ដៃស្តាំម្រាមទាំងប្រាំ មានស្នាមរលាកកាត់ទទឹង ប្រដាប់ភេទរបស់ជនរងគ្រោះមានទឹកកាម ។
សមត្ថកិច្ចជំនាញបានសន្មត់ថា សាកសពបានធ្វើសកម្មភាពលួចត្រីចិញ្ចឹមក្នុងស្រះ ហើយបរិវេណនៃស្រះមានចរន្តអគ្គិសនី ទើបបណ្តាលឱ្យឆក់ស្លាប់បែបនេះ។
តែទោះបីយ៉ាងនេះក៏ដោយ ក៏ម្ចាស់ស្រះចិញ្ចឹមត្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ នៅវេលាម៉ោង១៣និង៣២ នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕