សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសបន្ទាយមានជ័យ ៖ប្រជាពលរដខ្មែរ ក្រីក្រ ពិសេសប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនខ្មែរ ថៃ មួយចំនួនដែលរស់អាស្រ័យលើការប្រើកម្លាំងពលកម្មដូចជាកម្មករអូសរទេះ ដឹកទំនិញចេញចូល ថៃ បានជួបប្រទះបញ្ហាខ្វះខាតក្នុងជីវភាពគ្រួសារយ៉ាងធ្ងន់ធ្ងរ ព្រោះបន្ទាប់ពីបិទចក្រព្រំដែនបោយប៉ែត កម្លាំងកម្មករអូសរទេស ក៏លែងមានការងារធ្វើ និងគ្មានប្រាក់ចំណូល។ ហើយរទេះដែក និងឈើជាច្រើនគ្រឿងរបស់កម្មករអូសរទេះ ជាឆ្នាំងបាយរបស់អ្នកស្រុក ពេលនេះគេសង្កេតឃើញទុកចោលខូចជិតអស់ទាំងស្រុងទៅហើយ។
មេរោគកូវីដ១៩ ក្រៅពីធ្វើឲ្យប្រទេសជាច្រើនជួបបញ្ហាស្ទើរគ្រប់វិស័យ វាក៏បានធ្វើឲ្យមនុស្សបាត់បង់ជីវិត និងធ្លាក់ខ្លួនឈឺរាប់លាននាក់ ពិសេសជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសាផងដែរ។
ចំពោះកម្ពុជា ដ្បិតគ្មានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ហើយអ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយអស់ស្ទើរទាំងស្រុង ប៉ុន្តែដោយសាមេរោគខាងលើ បានធ្វើឲ្យរទេះដែកច្រេះស៊ី និងបែកកង់ទាំងសងខាង។
ចំណែករទេះឈើ ក៏ដូចគ្នាដែរមានតែស្មៅដុះលេចរកមើលរទេះលែងចង់ឃើញទៀតផង ទាំងនេះ ក៏ដោយសារមេរោគកូវីដ១៩ក្រោយថៃបិទព្រំដែនដើម្បីទប់ស្កាត់មេរោគប្រភេទនេះ ។
កម្មករអូសរទេះ ជាច្រើនគ្រួសារ ត្រូវបានគេសង្កេតឃើញថា គ្មានទីជម្រកត្រឹមត្រូវ ខ្លះយកអតីតបន្ទប់ទឹកគេទុកចោលធ្វើជាកន្លែងស្នាក់នៅ ខ្លះបោះតង់ដេកតាមព្រៃ និងមួយចំនួនទៀតយករទេះធ្វើជាជម្រក (ដេកក្នុងរទេះ) ហើយអះអាងថា ដោយសារកូវីត១៩ ថៃ បិទព្រំដែន គ្មានប្រាក់ឲ្យថ្លៃផ្ទះ ឬ បន្ទប់ជួល គេឈប់ជួលឲ្យ ទើបនាំគ្នារស់នៅវេទនាបែបនេះ ។
កម្មករទាំងនោះបាននិយាយថា បច្ចុប្បន្ននាំគ្នារើសអេតចាយ ខ្លះរើសយប់ ខ្លះរើសថ្ងៃ ធ្វើយ៉ាងណាឲ្យតែមានប្រាក់តិចតួចទុកដោះស្រាយជីវភាពគ្រួសារ បញ្ហានេះកើតឡើង ក្រោយថៃបិទព្រំដែន បណ្ដាលមកពីមេរោគកូវីត។
ក្រុមប្រជាពលរដ្ឋ ដែលជាកម្មករទាំងនោះ រស់នៅមើលទៅគួរឲ្យវេទនាទាំងនេះបាននិយាយថា បើព្រំដែននៅតែបន្តបិទយូរអង្វែងទៀត ពួកគាត់ នឹងប្រឈមបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរ និងដាច់ពោះជាមិនខាន៕