សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt បានចេញលិខិតសុំទោស និងព្រមទទួលខុសត្រូវលើកំហុសឆ្គងផលិតផលរបស់ខ្លួន ដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពទារក។
នេះបើតាមលិខិតចេញកាលពីម្សិលមិញ ថ្ងៃទី ០៩ ខែកញ្ញា នេះ ក្រុមហ៊ុន Nutrilatte Master LM Co., Ltd បានបង្ហាញការសោកស្ដាយ និងសុំការយោគយល់ និងព្រមសងសំណងដល់មាតាបិតាដែលមានបុត្រធីតារងផលប៉ះពាល់។ ក្រុមហ៊ុននេះបានទទួលស្គាល់ថា ម្សៅទឹកដោះគោរបស់ខ្លួនដែលមានលេខកូដ៦ប្រភេទ មានបញ្ហាលើធាតុផ្សំដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពទារក។
សូមជម្រាបជូនថា បើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ លើកឡើងថា ផ្អែកតាមលទ្ធផលវិភាគ បង្ហាញថា បរិមាណជាតិដែកនិងជាតិស័ង្កសីជាក់ស្ដែងដែលមាននៅក្នុងសំណាកផលិតផលម្សៅទឹកដោះគោនុតទ្រីលែតស៍ (ដែលមានលេខកូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩) មានកម្រិតទាបជាងឆ្ងាយយ៉ាងខ្លាំងពីបរិមាណដែលបានបញ្ជាក់លើស្លាកផលិតផល ពោលគឺកម្រិតជាតិដែកមានចំនួន២០ដងតិចជាងចំនួនជាតិដែកដែលបានបញ្ជាក់លើស្លាកផលិតផល។ ចំណែកឯជាតិស័ង្កសីវិញមានចំនួនតែជាងពាក់កណ្ដាលប៉ុណ្ណោះទៅនឹងអ្វីដែលបានបញ្ជាក់លើស្លាកសញ្ញា។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានលើកឡើងក្នុងរបាយការណ៍លទ្ធផលពិសោធន៍ជាង៤០ទំព័រនោះថា ផលិតផលនុតទ្រីលែត មិនបានបំពេញតម្រូវការអប្បបរមាលើកម្រិតជាតិដែកដែលមានកំណត់ក្នុងស្ដង់ដារ Codex[សុវត្ថិភាពអាហារសម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង] នោះទេ។ ជាក់ស្ដែង ផលិតផលនេះស្ទើរតែគ្មានជាតិដែកសោះ ពោលគឺកម្រិតជាតិដែកមានត្រឹមតែ <០,២៥មីលីក្រាម/១០០ក្រាមប៉ុណ្ណោះ ដែលស្ដង់ដារអន្តរជាតិគឺតម្រូវការជាតិដែកយ៉ាងតិចណាស់ ២,២៨៦មីលីក្រាម/១០០ក្រាម សម្រាប់ទារកអាយុ០ខែដល់៦ខែ (ទឹកដោះគោម្សៅលេខ១) និង ៤,៧២មីលីក្រាម/១០០ក្រាម សម្រាប់កុមារអាយុពី៦ខែដល់១២ខែ (ទឹកដោះគោម្សៅលេខ២)៕