
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសនៅថ្ងៃទី៦ ខែតុលា តំបន់ជាច្រើននៅក្នុងក្រុងបាត់ដំបង ត្រូវបានជន់លិចក្រោយពីមានភ្លៀងធ្លាក់៤ថ្ងៃជាប់គ្នា។
លោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃអង្គារ៍នេះថា ប្រព័ន្ធលូជាច្រើននៅក្នុងក្រុងមានទំហំតូចពេក ហើយសុទ្ធតែជាលូចាស់ៗ និងខ្លះបានរងការខូចខាតលែងដំណើរការ ដោយសារមានអាយុកាលតាំងពីសម័យបារាំង។
លោកថា៖«លូទាំងនោះមិនអាចទ្រទ្រង់ទំហំទឹកដ៏ធំ ក្រោយស្ថានភាពភ្លៀងជាប់ៗគ្នានោះទេ។ ហើយប្រឡាយមួយចំនួនក៏កកស្ទះដោយសារកំប្លោក មិនអាចឱ្យទឹកភ្លៀងហូរចូលបានច្រើន ទើបក្នុងក្រុងបាត់ដំបងទាំងមូលទទួលរងការជន់លិចបែបនេះ»។
លោកបន្តថា ជំនន់ទឹកភ្លៀងលិចក្រុង បានធ្វើឱ្យផ្លូវមួយចំនួននៅប៉ែកខាងលិចស្ទឹងសង្កែ បានរងការខូចខាតដោយសារកើតគំហុកតូចៗជាច្រើន ហើយផ្ទះរបស់ពលរដ្ឋខ្លះត្រូវបានទឹកហូរចូល។

លោក ចាន់ សំបូរ បញ្ជាក់ទៀតថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានចាប់ផ្ដើមស្តារប្រឡាយនិងលូឡើងវិញ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងក្រុងនៅពេលនេះ។
លោកបញ្ជាក់ថា ក្រុងបាត់ដំបងទាំងមូលតែងជួបបញ្ហាទឹកជន់លិចបែបនេះ ប្រសិនបើមានភ្លៀងធ្លាក់ជាប់ៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារជាទីក្រុងមួយដែលមានចំណាស់ និងមិនទាន់មានការរៀបចំប្រពន្ធលូជាថ្មី។
ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវពលរដ្ឋដែលរស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ ជួរភ្នំ និងខេត្តនៅតំបន់ម៉ាត់សមុទ្រ ត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០៕
