Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

កសិករធ្វើស្រូវនៅក្នុងតំបន់រងការជន់លិចមួយចំនួន កំពុងព្រួយ​បារម្ភ​ខ្លាំង​អំពី​លទ្ធ​ភាព​មិន​អាច​បន្ត​បង់​ប្រាក់​ជំពាក់ជាប្រចាំខែ ទៅឱ្យធនាគារនាពេលខាងមុន ដោយសារដំណាំ​ស្រូវពួកគាត់ មិនអាចប្រមូលផលបានច្រើនក្រោយពីត្រូវជន់លិចអស់ជាច្រើនថ្ងៃ។ កសិករទាំងនោះចង់ឱ្យមានការពន្យាពេលសង់ប្រាក់ទៅធនាគារ បើពុំដូច្នោះទេ ពួកគាត់នឹងអាចលក់ដីស្រែដើម្បីយកប្រាក់ដោះស្រាយបញ្ហាដ៏លំបាកនេះ។

អ្នកស្រី យួស សុគន្ធ អាយុ៥៥ឆ្នាំរស់នៅភូមិចំរបក់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃអង្គារ៍ទី១៣តុលានេះថា លោកស្រីមានផ្ទៃដីសម្រាប់ធ្វើស្រែចំនួន២០ហិកតា ដោយក្នុងមួយហិកតាត្រូវចំណាយទុនអស់ប្រហែល​៣​លាន​រៀល ក្នុងការជួលកម្លាំងពលកម្មភ្ជួររាស់ និងការមើលថែជាដើម។

លោកស្រីបន្តថា ស្រូវទាំងនោះនឹងអាចច្រូតទទួលផលនៅអំឡុងខែ១១ឬខែ១២ខាងមុននេះ ដោយក្នុងមួយហិកតាអាចទទួលបានទិន្នផលស្រូវពីចន្លោះ៤ទៅជិត៥តោន ហើយក្នុងមួយហិកតាអាចលក់ចំណេញប្រហែល១លាន៥សែនម៉ឺនរៀល ក្រោយពីទូទាត់លើថ្លៃចំណាយផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ននេះ ស្រូវទាំងនោះត្រូវបានលិចទឹកចាប់ពីថ្ងៃទី៧តុលា ដែលអាចធ្វើឱ្យខូចខាតស្ទើរទាំងស្រុង។

លោកស្រីថា៖«បើដំណាំស្រូវរបស់មីងលិចស្ទើរទាំងស្រុងអ៊ីចឹងហ្នឹង! មីងមិនអាចប្រមូល​ផលបានល្អទេឆ្នាំនេះ។ ហើយច្បាស់ណាស់ មិនមានលទ្ធភាពក្នុងការសងបំណុលធនាគារដូចឆ្នាំមុនៗទេ។ មិនបាច់ដល់ថ្នាក់សងធនាគារទេ សូម្បីតែស្រូវនៅសល់៣%ដែលមីងសង្ឃឹមថាអាចប្រមូលផលបានបន្ទាប់ពីលិចទឹក មិនគ្រាន់សម្រាប់ទូទាត់ថ្លៃឈ្នួលឱ្យគេច្រូតផង។ ហើយបើឆ្នាំនេះអ៊ីចឹង! មានតែលក់ដីស្រែទេ ទើបមានលទ្ធភាពសងបំណុលធនាគារ»។

កសិកររូបនេះអះអាងថា ក្នុងមួយឆ្នាំគាត់បានខ្ចីលុយពីធនាគារចន្លោះពី១០លានរៀលទៅ២០លានរៀល ហើយក្នុងមួយខែត្រូវសង់ត្រឡប់ទៅធនាគារវិញប្រហែល១លានរៀលទាំង​ប្រាក់ដើមនិងការប្រាក់។

លោកស្រីបញ្ជាក់ទៀតថា កន្លងមកស្រូវលោកស្រីក៏ធ្លាប់រងការជន់លិចដែរ ប៉ុន្តែការ​ជន់​លិច​ទាំងនោះកើតឡើងត្រឹមរយៈពេលខ្លីហើយស្រកទៅវិញ ដែលមិនធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលឡើយ ប៉ុន្តែលើកនេះ ទឹកបានលិចផុតចុងដើមស្រូវមើលលែងឃើញនិងលិចស្ថិតក្នុងរយៈពេលយូរ។

លោកស្រី ភាជន៍ រីណា កសិករធ្វើស្រូវមួយរូបទៀតនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង បានឲ្យដឹងដែរថា គ្រួសារលោកស្រីមិនមានមុខរបរអ្វីផ្សេង ក្រៅ​ពី​ពឹង​ផ្អែកលើមុខរបរធ្វើស្រែឡើយ ហើយក្នុងមួយខែលោកស្រីត្រូវបង់ប្រាក់ជំពាក់ទៅធនាគារវិញចំនួន១០០ដុល្លារ ដែលបានខ្ចីសម្រាប់ធ្វើកសិកម្មនេះ។

លោកស្រីបញ្ជាក់ថា ក្នុងមួយឆ្នាំលោកស្រីបានធ្វើស្រែចំនួន២ដងនៅលើផ្ទៃដីសរុបចំនួន៣ហិកតា​ ប៉ុន្តែពេលនេះត្រូវរងការខូចខាតទាំងស្រុង ដោយសារស្រែខ្លះស្រូវទើបចាប់ផ្ដើមលូតលាស់ និងស្រែខ្លះទើបនឹងព្រួស ត្រូវបានហូរតាមទឹកជំនន់ដែលបានកើតឡើងប៉ុន្មានថ្ងៃនេះ។

លោកស្រីថា៖«បងមានផ្ទៃដីកសិកម្មដំណាំស្រូវចំនួន៣ហិកតា ដែលអាចផ្តល់ទិន្នផលក្នុងមួយសារក្នុងមួយហិកតាទទួលបានកម្រៃជាង១លានរៀលដែរ បន្ទាប់ពីទូទាត់ថ្លៃចំណាយ។ ហើយក្នុងកំឡុងពេលទឹកជំនន់នេះស្រូវបងវាត្រូវបានលិចលង់ទាំងស្រុងអ៊ីចឹង! តើបងមានលុយណាបង់ធានាគារទៀត»។

កសិករទាំងនេះបានអំពាវនាវឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍ ទៅម្ចាស់មីក្រូហិរញ្ញវត្ថុដែលពួកគាត់បានខ្ចីប្រាក់ ឱ្យបន្ធូរបន្ថយការប្រាក់ខ្លះ ឬក៏ពន្យាពេលបង់ប្រាក់មួយ​រយៈ​សិន រហូតដល់ពួកគាត់អាចមានលទ្ធភាពធ្វើស្រែបានស្រូវលក់ ដើម្បីមសងនៅ​ពេលក្រោយ​។

លោក ឃុន សុខា មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្លាប់បានប្រាប់សារព័ត៌មានណាស់ដែរថា គិតត្រឹមថ្ងៃទី១២តុលា ខេត្តចំនួន១៧ត្រូវបានជន់លិចដោយទឹកជំនន់ ហើយក្នុងនោះបានលិចស្រូវជាង៧ម៉ឺន៥ពាន់ហិកតា ប៉ុន្តែលោកថា មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាតនៅឡើយទេ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបាត់ដំបងបានបញ្ជាក់ថា ខេត្តបាត់ដំបងដែលរងទឹកជំនន់ខ្លាំងជាងគេ មានស្រូវជាង៤ម៉ឺន៦ពាន់ហិកតាត្រូវបានប៉ះពាល់ដោយទឹកជំនន់ ប៉ុន្តែលោកថា ស្រូវទាំងនោះមិនទាន់អាចវាយតម្លៃថាត្រូវខូចខាតអស់ប៉ុន្មាននៅឡើយ។

លោកអះអាងថា ស្រូវដែលកំពុងប៉ះពាល់គឺមានតែស្រូវកណ្ដាលនិងស្រូវធ្ងន់ប៉ុណ្ណោះ ហើយចំពោះស្រូវស្រាលដែលធ្វើនៅដើមរដូវទី១ពីខែប្រាំងមកចំនួន១៧ម៉ឺនហិកតា គឺត្រូវកសិករនាំគ្នាប្រមូលផលអស់ហើយ។

លោកថា៖«ឥឡូវនេះយើងបានទិន្នន័យផលប៉ះពាល់ ហើយនៅសប្ដាហ៍ក្រោយ ប្រសិនបើទឹកមានការថមថយបន្តិចទៅ។ អាហ្នឹង!បានយើងប្រជុំបូកសរុបជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីវាយតម្លៃ ហើយបើឃើញថា វាខូចខាតប៉ុណ្ណេះៗ ហើយកន្លែងដែលមានលទ្ធភាពស្ដារឡើងវិញ។ អាហ្នឹង!យើងស្នើសុំទៅក្រសួងកសិកម្មនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីស្ដារឡើងវិញ»។

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់ពីលោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានទេ ដោយសារទូរស័ព្ទហៅចូលតែលោកមិនទទួល។

លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញខាងកសិកម្មបានលើកឡើងថា ក្រៅពីការផ្ដល់ការជួយសង្រ្គោះបន្ទាន់ ដូចការផ្ដល់អំណោយជាស្បៀងអាហារជាដើមទៅពលរដ្ឋកំពុងរងគ្រោះពីទឹកជំនន់ រដ្ឋាភិបាលគួរបង្កើតឱ្យមានប្រព័ន្ធធានារ៉ាប់រងកសិកម្ម សម្រាប់​ជួយ​កសិ​ក​រនៅពេលមានគ្រោះធម្មជាតិកើតឡើង ដែលជាវិធានការជួយសង្គ្រោះបន្ថែមទៀត ក្នុងការប៉ះប៉ូវរាល់ការខូចខាតនិងទុក្ខលំបាករបស់កសិករ តាមរយៈការឧបត្ថម្ភជាកញ្ចប់ថវិកាក្នុងកម្រិតណាមួយជូនពួកគាត់។

លោកថា៖«គាត់(រដ្ឋាភិបាល)ច្រើនតែជួយសង្គ្រោះបន្ទាន់ដូចជាចែកអំណោយ និង​ជួយ​ថែម​ដូច​ជាគ្រាប់ពូជ ដែលជាវិធានការទី១។ ប៉ុន្តែសម្រាប់វិធានការវែងឆ្ងាយ គឺត្រូវរៀបចំឱ្យមានប្រព័ន្ធធានារ៉ាប់រងកសិកម្ម ដែលមានការចូលរួមពីកសិករ និងការចូលរួមពីរដ្ឋ ហើយកន្លងមក យើងបានជំរុញឱ្យមានគោលនយោបាយហ្នឹង»។

ក្រៅពីនេះ លោក យ៉ង សាំងកុមារ ក៏ចង់ឃើញរដ្ឋាភិបាលបន្តធ្វើការជាមួយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីចុះសិក្សាវាយតម្លៃអំពីផលប៉ះពាល់របស់កសិករ ដើម្បីជួយឱ្យពួកគាត់អាចពន្យាពេលបង់ប្រាក់សិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor