សង្គម
អាម៉ាប៉ាប៉ាញ៉ូសតាកែវ៖ បើយោងតាមផេកផ្លូវការរបស់ ភិក្ខុ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ និងធ្លាប់មានរឿងអាស្រូវទាក់ទងញោមស្រីៗ ត្រូវបានផ្សឹកហើយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។
គួររំលឹកថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ថា «សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះ អោយស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។ ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអោយលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។
គណៈសង្ឃនាយក បានឃើញថា ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ ។