
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមន្រ្តីសង្គមស៊ីវិលខាងសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យស្មើភាពគ្នា លើអ្នកដែលប្រព្រឹត្តខុសច្បាប់ទាំងអស់ ដោយមិនត្រូវបែងចែករវាងមន្រ្តីនិងពលរដ្ឋសាមញ្ញឡើយ។ ការជំរុញនេះបានធ្វើឡើង ស្របពេលសមាជិកព្រឹទ្ធសភាម្នាក់ដែលក្រសួងមហាផ្ទៃបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការរំលោភដីព្រៃ៥៣១ហិកតានៅខេត្តមណ្ឌលគិរី គឺមិនមានការប្រឈមនឹងមុខច្បាប់ឡើយ គឺត្រឹមទទួលការណែនាំពីមន្រ្តីថ្នាក់លើឱ្យបញ្ឈប់ការប្រព្រឹត្តខុសច្បាប់ទៅទៀត។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងនៅថ្ងៃទី៦តុលាថា ពលរដ្ឋឬសហគមន៍ខ្លះ ត្រូវបានចាប់ខ្លួន ប្រសិនបើពួកគេត្រូវបានចោទថាបានរំលោភឬទន្ទ្រានកាន់កាប់ដីព្រៃ បើទោះបីជាករណីភាគច្រើន ពលរដ្ឋទាំងនោះបានរស់នៅលើដីជាយូរក៏ដោយ។ ប៉ុន្តែលោកស្រីថា ចំពោះមន្រ្តីសាធារណៈដែលរំលោភដីព្រៃវិញ ហាក់ត្រឹមទទួលរងចំណាត់ការត្រឹមតែអប់រំហើយចប់។
លោកស្រីសរសេរនៅក្នុងហ្វេសប៊ុកថា៖«តើអ្វីជាការអនុវត្តច្បាប់ដែលរដ្ឋបានអះអាងឬច្បាប់ប្រើតែលើពលរដ្ឋដល់មន្ត្រីប្រើច្បាប់មន្ត្រី»។
លោកស្រីបានលើកឡើងទៀតថា រដ្ឋាភិបាលគួរបញ្ចប់វប្បធម៌និទណ្ឌភាព រាប់ទាំងវិធានការកន្លងមកជាញឹកញយ គឺប្រើតែពិន័យរដ្ឋបាល ហើយភាគច្រើនគឺដកឬផ្ទេរតំណែងមន្ត្រីជាប់ពិរុទ្ធ។ ពេលខ្លះ ការផ្ទេរទៀតសោត អាចទទួលតំណែងល្អជាងមុនទៀត ដែលលោកស្រីអះអាងថា នេះមិនមែនជាការអនុវត្តគោលការណ៍នីតិរដ្ឋទេ ហើយបែរជាធ្វើឱ្យជនល្មើសនៅតែហ៊ានប្រព្រឹត្តនិងជាសារលើកទឹកចិត្តដល់ជនដទៃឱ្យប្រព្រឹត្ត ដែលនេះនឹងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដែលចង់ឱ្យមានកំណែទម្រង់ល្អប្រសើរ។
ការលើកឡើងរបស់លោកស្រី ចក់ សុភាព នេះ បន្ទាប់ពីសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាបានណែនាំអប់រំសមាជិកព្រឹទ្ធសភាឈ្មោះ ណយ ស្រួន បន្ទាប់ពីមន្រ្តីរូបនេះត្រូវបានក្រសួងមហាផ្ទៃបរកឃើញថា បានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់តំបន់ការពារធម្មជាតិចំនួន៥៣១ហិកតា នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លិខិតរបស់អ្នកនាំពាក្យព្រឹទ្ធសភាចុះថ្ងៃទី៦តុលាបញ្ជាក់ថា សមាជិកព្រឹទ្ធសភាលោក ណយ ស្រូន ត្រូវប្រធានព្រឹទ្ធសភា រួមទាំងអនុប្រធានទី១និងអនុប្រធានទី២នៃព្រឹទ្ធសភា កោះហៅមកប្រជុំណែនាំកាលពីថ្ងៃទី២៣កញ្ញា ក្រោយពីព្រឹទ្ធសភាទទួលបានលិខិតរបស់លោកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបញ្ជាក់ថា លោក ណយ ស្រូន បានពាក់ព័ន្ធក្នុងការរៀបចំឯកសារកាន់កាប់ដីព្រៃទាំង៥៣១ហិកតានោះ។
លិខិតបំភ្លឺរបស់អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា ក្រោយទទួលបានការណែនាំពីថ្នាក់ដឹកនាំ លោក ណយ ស្រូន បានសុំអភ័ទោសរាល់កំហុសខុសឆ្គង និងបានធ្វើលិខិតបញ្ជាក់ឈប់ពាក់ព័ន្ធជាមួយដីទាំង៥៣១ហិកតានោះទៀត។
ពាក់ព័ន្ធនឹងរឿងមន្រ្តីនាំគ្នារំលោភយកដីព្រៃនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺកាលពីថ្ងៃទី២តុលា តុលាការខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួននគរបាលផ្កាយ២របស់អគ្គស្នងការនគរបាលជាតិម្នាក់ គឺលោក ពៅ សុធារ៉ាន់ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន បន្ទាប់ពីមន្រ្តីរូបនេះ ត្រូវបានគេរកឃើញថា បានឈូសឆាយដីព្រៃសម្រាប់កាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនចំនួន៤១ហិកតានៅក្នុងស្រុកអូររាំង ដែលជាទីតាំងមួយស្ថិតនៅក្បែរព្រំដែនប្រទេសវៀតណាម។
កន្លងមក មន្រ្តីនៅក្នុងខេត្តមណ្ឌលគិរី គឺមានទាំងមន្រ្តីសាលាខេត្ត សាលាស្រុក ដល់សាលាឃុំ និងនាយទាហានចំនួន១៣នាក់ទៀត ក៏ត្រូវបានក្រសួងមហាផ្ទៃរកឃើញថា ខ្លះមិនបានបំពេញតួនាទីនិងខ្លះមិនមានភាពស្មោះត្រង់ដើម្បីការពារដីព្រៃ ហើយខ្លះ បានចូលរួមចំណែកដោយបណ្ដែតបណ្ដោតឱ្យមានកាប់រានដីព្រៃដោយខុសច្បាប់។
ពាក់ព័ន្ធនឹងក្រុមមន្រ្តីទាំងនេះ សម្ដេច ស ខេង បានធ្វើលិខិតមួយកាលពីថ្ងៃទី៣១សីហា ដើម្បីផ្ញើសុំការយល់ព្រមពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទេរមន្រ្តីមួយចំនួន ដូចជាលោក សុក សេរ៉ា មន្រ្តីរងរដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី និងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ត្រូវបានផ្ទេរមកបំពេញការងារនៅក្រសួងមហាផ្ទៃ ខណៈមានមេឃុំចំនួន៣នាក់ទៀត ត្រូវបានទទួលរងការពិន័យតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់៕