សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងនៅយប់ថ្ងៃទី៨តុលាថា ក្រសួងតែងតែណែនាំឱ្យមានការពង្រឹងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កទាំងនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះ ខណៈវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលចូលសហគមន៍នេះ នៅពុំទាន់បានអនុវត្តត្រឹមត្រូវនៅឡើយ។
លោកស្រីថា៖«អាជ្ញាធរថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រងចាត់ចែងឲ្យមានការយាមកាមបន្ថែមទៀតនៅតាមមណ្ឌលចត្តាឡីស័ក។ កន្លងមក អាជ្ញាធរថ្នាក់ក្រោមជាតិធ្វើបានល្អហើយ តែនៅមានចំណុចឆកល្វែង យើងកំពុងតែខិតខំបន្ថែមទៀត។ ក៏ប៉ុន្តែបុគ្គលម្នាក់ៗ ត្រូវយល់និងចូលរួមអនុវត្តតាមវិធានការនេះឲ្យបានត្រឹមត្រូវ ដោយមិនព្យាយាមរត់គេចទាំងជនជាតិខ្មែរនិងបរទេស»។
លោកស្រីបន្ថែមថា ចំពោះការណែនាំធ្វើចត្តាឡីស័កនៅតាមផ្ទះ ក៏ជាវិធានការដែលមានធ្វើនៅតាមបណ្តាប្រទេសជាច្រើន ហើយបុគ្គលត្រូវទទួលខុសត្រូវដោយខ្លួនឯង រីឯក្រុមគ្រួសារនិងអ្នកជិតខាងជាអ្នកជួយគាំទ្រជួយពន្យល់បុគ្គលនោះ និងចូលរួមរាយការណ៌ជូនអាជ្ញាធរមូលដ្ឋាន ប្រសិនបើមិនព្រមអនុវត្តការធ្វើចត្តាឡីស័កបានត្រឹមត្រូវ។
ការលើកឡើងរបស់មន្រ្តីនាំពាក្យក្រសួងសុខាភិបាលនេះ ក្រោយពីមានបុរសជនជាតិហុងគ្រីនិងជនជាតិបារាំងនៅក្រុងសៀមរាប បានរំលោតលើការធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយបានចេញទៅក្រៅទិញរបស់របរ ជួបលៀងជាមួយមិត្តភក្ដិ និងហែលទឹកជាដើម មុនបុរសទាំងពីរនេះធ្វើតេស្ដវិជ្ជមាន។
លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យជៀសវាងការប៉ះពាល់ជាមួយអ្នកដែលកំពុងធ្វើចត្តាឡីស័កដោយរក្សាគម្លាតពីគ្នា ហើយនៅពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថយន្តជាអ្នកទាំងនេះ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច និងលាងដៃញឹកញាប់ជាមួយអាល់កុល។
នៅព្រឹកថ្ងៃទី៩តុលានេះ ក្រសួងសុខាភិបាលបានប្រកាសករណីវិជ្ជមានម្នាក់ទៀតដែលជាជនជាតិខ្មែរអាយុ២៩ឆ្នាំរស់នៅរាជធានីភ្នំពេញ និងករណីជាសះស្បើយម្នាក់។ អ្នកតេស្ដវិជ្ជមានថ្មីនេះជាអ្នកដំណើរមកពីសហរដ្ឋអាមេរិកមកដល់កម្ពុជានៅថ្ងៃទី៧តុលា ដែលបានធ្វើដំណើរតាមយន្តហោះផ្ទុកមនុស្សសរុបចំនួន១២៨នាក់។
កម្ពុជារកឃើញអ្នកជំងឺនេះសរុបចំនួន២៨២នាក់ ក្នុងនោះអ្នកព្យាបាលឱ្យជាសះស្បើយមានចំនួន២៧៧នាក់៕