សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រុមបុគ្គលិកនៃក្រុមហ៊ុនភូមិវប្បធម៌មួយចំនួនបានលើកឡើងថា ពួកគេមិនទាន់ជឿជាក់ថា ភូមិវប្បធម៌កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងររហូតត្រូវបិទទ្វារនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសថា នឹងបិទអាជីវកម្មទាំងស្រុងចាប់ពីថ្ងៃទី៧វិច្ឆិកាខាងមុខ ដោយសារតែមិនអាចទ្រាំទ្រនឹងការចំណាយទៀតបាន ក្រោយពីត្រូវរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។
លោក គង់ ប៊ុនថា អនុប្រធានសហជីពនៅភូមិវប្បធម៍បានប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃចន្ទទី១២តុលានេះថា ការប្រកាសបិទភូមិវប្បធម៌នេះ គ្រាន់ជាការគេចវេសរបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហាជូនបុគ្គលិកប៉ុណ្តោះ។
លោកថា៖«សម្រាប់កម្មករមិនទាន់មានភាពជឿជាក់ទាំងស្រុងទៅលើការបិទភូមិវប្បធម៌នេះទេ ហើយការលើកហេតុផលថាសេដ្ឋកិច្ចធ្លាក់ចុះ គឺដើម្បីឲ្យកម្មករផ្អាកធ្វើកូដកម្មប៉ុណ្ណោះ»។
បុគ្គលិកភូមិវប្បធម៍ចំនួន ៦៩នាក់ បានចេញធ្វើកូដកម្មនៅខាងមុខភូមិវប្បធម៌អស់រយៈពេល៥៥ថ្ងៃមកហើយ ដើម្បីទាមទារឲ្យម្ចាស់ក្រុមហ៊ុនចេញទូទាត់ប្រាក់ខែនិងប្រាក់ថ្ងៃអាហារ ដែលក្រុមហ៊ុនបានកាត់អស់រយៈពេលជាច្រើនខែ។
ប៉ុន្តែនៅថ្ងៃទី១១តុលា ក្រុមហ៊ុនបានចេញលិខិតប្រកាសថា ខ្លួននឹងបិទអាជីវកម្មទាំងស្រុងចាប់ពីថ្ងៃទី ៧ខែវិច្ឆិកាខាងមុខនេះ ដោយសារមូលហេតុធ្លាក់ចុះភ្ញៀវចូលទស្សនាយ៉ាងគំហុកអស់រយៈពេលជាច្រើន ដែលធ្វើឱ្យក្រុមហ៊ុនកំពុងជួបការលំបាកផ្អែកសេដ្ឋកិច្ចយ៉ាងខ្លាំង និងមិនអាចបន្តផ្គត់ផ្គង់លើការចំណាយនានាក្នុងការដំណើរការអាជីវកម្មមួយនេះ។
ក្នុងលិខិតបានសរសេរថា៖ការបិទនេះនិងនាំឲ្យមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់។ តែក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមច្បាប់ការងារ»។
ទោះជាយ៉ាងណាលោក គង់ ប៊ុនថា បញ្ជាក់ថា មូលហេតុដែលមិនទាន់ជឿថាក្រុមហ៊ុននឹងបិទនោះ ដោយសារលោកមិនទាន់ឃើញមន្ទីរការងារបានចុះមកសិក្សា ថាតើការបិទនេះ ដោយសារមូលហេតុអ្វីឲ្យច្បាស់លាស់ ហើយមួយទៀតមិនបានឃើញហត្ថលេខាប្រធានក្រុមហ៊ុនលើលិខិតប្រកាសបិទអាជីវកម្មនោះ។
ចំណែកលោក លឹម សុផាត បុគ្គលិកបម្រើការនៅភូមិវប្បធម៌រយៈពេល ១៧ឆ្នាំបានលើកឡើងដែរថា ការធ្វើកូដកម្មទាមទារកន្លងមក មានការប្រជុំសម្របសម្រួលពីភាគីក្រុមហ៊ុនដែរ ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីឡើយ។លោកកាន់តែព្រួយបារម្ភថា ប្រសិនបើមានការបិទភូមិវប្បធម៌មែននោះ វានឹងកាន់តែប៉ះពាល់ដល់ជីវភាពបុគ្គលិកបន្ថែមទៀត។
លោកថា៖«ការដែលក្រុមហ៊ុនប្រកាសបិទ ដោយលើកហេតុផលថាមានបញ្ហាសេដ្ឋកិច្ចនោះ វាជារឿងរបស់ក្រុមហ៊ុន។ តែសម្រាប់ខ្ញុំ ព្រមទាំងបុគ្គលិកទាំងអស់វិញ មានការលំបាក បើក្រុមហ៊ុនបិទមែន ព្រោះពួកគាត់នឹងបាត់ចំណូល ហើយធ្វើឲ្យជីវភាពកាន់តែលំបាក»។
លោកក៏បានស្នើរឲ្យក្រុមហ៊ុនពិចារណាជុំវិញ ចំពោះការបិទភូមិវប្បធម៌ ព្រោះជាកន្លែងដែលជួយផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ខ្មែរទៅសកលលោក។
ចំណែក លោកស្រី មុំ ស្រីភក្រ័ បុគ្គលិកម្នាក់ទៀតបានលើកឡើងថា មូលហេតុដែលគាត់ចូលរួមតវ៉ា ដោយសារតែក្នុងរយៈពេល៥ខែមកហើយ ដែលក្រុមហ៊ុនបានកាត់ប្រាក់ខែ២០%ក្នុងមួយខែ និងកាត់ថ្លៃបាយ២០ដុល្លារក្នុងមួយខែ ហើយមានការផ្លាក់ប្តូរតួនាទីដោយមិនមានការដឹងឮពីបុគ្គលិក។
លោកស្រីថា៖«ប្រាក់សំណងដែលពួកខ្ញុំទាមទារ បើសរុបទៅ ម្នាក់ៗទទួលបានប្រហែល ១៨០០០ ដុល្លារ»។
សារព័ត៌មានខ្មែរណាស់មិនអាចសុំការឆ្លើយតបពីអ្នកស្រី លឹម សុភ័ក្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនភូមិវប្បធម៌បានទេ ដោយសារហៅទូរស័ព្ទចូលជាច្រើនលើកប៉ុន្តែគ្មានអ្នកទទួល។
ភូមិវប្បធម៌កម្ពុជាគឺជាកូនភូមិគំរូមួយ ដែលមានសំណង់ ផ្ទះ និង អាគារប្រវត្តិសាស្រ្តតាមទំនៀមទម្លាប់ប្រជាជនខ្មែរ។ ភូមិនេះមានទំហំ ២១០ ០០០ ម៉ែត្រការ៉េ និងបើកដំណើរការអស់ប្រហែល១៧ឆ្នាំមកហើយ ដោយមានបុគ្គលិកសរុបជាង៣រយនាក់។
ភ្ញៀវទេសចរតែងបានរីករាយជាមួយការសម្ដែងរបាំអប្សរា និង របាំរបស់ជនជាតិភាគតិចនៅកម្ពុជា និងអាចទស្សនាការសម្ដែងអំពីប្រពៃណីរៀបអាពាហ៌ពិពាហ៌របស់ជនជាតិខ្មែរ៕