
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖«នៅទីក្រុងភ្នំពេញមានតែខណ្ឌដង្កោមួយប៉ុណ្ណោះដែលរងគ្រោះទឹកជំនន់ និងត្រូវជម្លៀសពលរដ្ឋមកកាន់កន្លែងសុវត្ថិភាព»។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃទី១៥ខែតុលា។
លោកបន្តថា ថ្វីត្បិតក្រសួងធនធានទឹកនិងឧតុនិយមព្យាកណ៍ថា កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន៣ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៧ រហូតដល់១៩ ខែតុលា ដែលបណ្ដាលមកពីឥទ្ធិពលពីព្យុះទី១៧ ឈ្មោះ សូឌែល ប៉ុន្តែចំពោះមុខសាលារាជធានីភ្នំពេញ នៅតែបន្តខិតប្រឹងជួយសង្រ្គោះប្រជាពលរដ្ឋមកទីតាំងសុវត្ថិភាព និងពុំទាន់មានវិធានការជម្លៀសទឹកចេញពីក្រុងនៅឡើយទេ។
លោកបន្ថែមថា បច្ចុប្បន្ន ខណ្ឌដង្កោមាន៥សង្កាត់កំពុងប្រឈមនឹងគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង និងការបាក់ទំនប់នៅគិរីរម្យខេត្តកំពង់ស្ពឺ ហើយមិនមែនបណ្ដាលមកពីការលុបបឹងនៅរាជធានីភ្នំពេញតាមការលើកឡើងនោះទេ។
លោកថា៖«យើងមើលតាមស្ថានភាពជាក់ស្ដែងឲ្យច្រើនបន្តិច ភ្លៀងគ្រប់កន្លែង បាក់ទំនប់ពីគិរីរម្យ គឺវាអត់ផ្សាភ្ជាប់នឹងរឿងលុបបឹងនោះទេ»។
គិតចាប់តាំងពីថ្ងៃ១ដល់១៥ ខែតុលា មានមនុស្ស១៣នាក់បានស្លាប់ដោយសារលង់ទឹក ក្រោយពីគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ខេត្តក្រុងចំនួន១៩ ដូចជា ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្ដាល និងរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្ដី បញ្ជាក់ថា មកដល់ពេលនេះ លោកមិនទាន់មានតួលេខពលរដ្ឋដែលត្រូវជម្លៀសចេញពីគ្រោះទឹកជំនន់នៅក្នុងទីក្រុងភ្នំពេញនៅឡើយទេ៕