header ads

Sponsor

កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយក រថយន្តចំនួន០២គ្រឿង ( រថយន្តបោសសំអាតផ្លូវចំនួន ០១គ្រឿង និងរថយន្តផ្ទុកទឹកចំណុះ ៨,០០០លីត្រ ចំនួន ០១គ្រឿង) សរុបជាថវិកាស្មើនឹង ១៣៥,០០០ (មួយរយសាមសិបប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅសម្រាប់ការងារសម្អាតបរិស្ថានដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រគល់រថយន្ត លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានលើកឡើងថា៖ " នាងខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលបានចូលរួមចំណែកអភិវឌ្ឍទីក្រុងស្អាតជាមួយគម្រោងអភិវឌ្ឍដែលធំជាងគេរបស់ក្រុមហ៊ុនមកក្នុងខណ្ឌច្បារអំពៅនេះ។ សូមថ្លែងអំណរគុណផងដែរដល់រដ្ឋបាលខណ្ឌច្បារអំពៅដែលតែងតែសហការ គាំទ្រ និងជួយសម្រួលដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ជាមួយឡានទាំង០២គ្រឿងនេះ នាងខ្ញុំសង្ឃឹមថា យើងចូលរួមទាំងអស់គ្នាថែរក្សាបរិស្ថាន និងសំអាតទីក្រុងរបស់យើងឲ្យបានកាន់តែស្អាត "។

លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលខណ្ឌច្បារអំពៅលើផ្នែកកិច្ចការសាធារណៈជាច្រើនដូចជា៖ ការរក្សាសណ្ដាប់ធ្នាប់សន្តិសុខ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សោភ័ណភាពបរិស្ថានស្អាត និងការអភិវឌ្ឍធនធាននានា។ល។ ក្នុងគោលបំណងចូលរួមសហការជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធានានូវឌ្ឍនភាព សណ្ដាប់ធ្នាប់សន្តិសុខសង្គម សោភ័ណភាពទីក្រុងស្អាត របស់មូលដ្ឋានខណ្ឌច្បារអំពៅ និងប្រជាពលរដ្ឋទាំងអស់គ្នា។

លោកបានបន្ថែមថា៖ " រថយន្តទាំងពីគ្រឿងនេះ ពិតជានឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណបរិស្ថាន ការអភិវឌ្ឍទីក្រុងស្អាត ព្រមទាំងចូលរួមអនុវត្តសំអាតការងារអនាម័យ ដើម្បីថែរក្សាបរិស្ថានស្អាតសម្រាប់មូលដ្ឋានខណ្ឌច្បារអំពៅ និងបម្រើដល់ការងារសង្គមផ្សេងៗទៀត "។

ក្នុងថ្ងៃដដែលនេះដែរ តំណាងរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បាននាំយកនូវអង្ករចំនួន៥០តោន ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួល និងសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post