
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ: មានការភ្ញាក់ផ្អើលមួយ ក្រោយពីនារីម្នាក់ ត្រូវជនសង្ស័យមិនស្គាល់មុខ ដើរមកឆក់ទូរស័ព្ទបានសម្រេច រួចរត់គេចខ្លួនចូលក្នុងព្រៃក្រោមស្ពានអាកាសស្ទឹងមានជ័យ បាត់ស្រមោល នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះ សុំមិនបញ្ចេញអត្តសញ្ញាណ មានវ័យប្រហែល១៧ ឆ្នាំ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
នៅមុនពេលកើតហេតុ រូបនាងកំពុងឈរចុចទូរស័ព្ទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលយកត្រលប់ទៅផ្ទះវិញ ស្រាប់តែភ្លាមៗនោះ មានជនសង្ស័យម្នាក់ បានដើរមកធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នាង បានសម្រេចរួចរត់គេចខ្លួនមកខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយនាងបានដេញតាមក្រោយ និងស្រែកប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានឲ្យជួយដេញតាម ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល តាមរកមិនឃើញសោះ។
ជនរងគ្រោះបន្តថា សម្ភារៈដែលបាត់បង់នោះ មានទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន ដែលទើបនឹងទិញក្នុងតម្លៃ៨០០ដុល្លារ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ប៉ុន្តែជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ បានបន្តដំណើរទៅមុខទៀតបាត់៕