ភ្នំពេញ ៖ ករណីជនសង្ស័យជាមន្ត្រីយោធាបានកាន់កាំភ្លើងខ្លីទៅសម្លុត គំរាមបាញ់សម្លាប់ជនរងគ្រោះមួយគ្រួសារ ដោយសារទំនាស់បន្តិចបន្តួច ត្រូវបានព្រះរាជអាជ្ញាសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ខ្មាន់កាំភ្លើង ដែលតុលាការដោះលែងឲ្យមានសេរីភាពវិញនេះឈ្មោះ ហ៊ីម សំបូរ ជាវរសេនីយ៍ឯកយោធា ក្រោយពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ។
ជនសង្ស័យ និងសំណុំរឿង ត្រូវបានបញ្ជូនមកអយ្យការ ហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរឈ្មោះ ហ៊ឹម សំបូរ លុះដល់ល្ងាចថ្ងៃដដែល លោក ស៊ិត វណ្ណៈ ដែលទទួលបន្ទុកចាត់ការសំណុំរឿងនេះ បានសម្រេចដោះលែងឈ្មោះ ហ៊ឹម សំបូរ ឲ្យត្រឡប់ទៅវិញបាត់ទៅ បើទោះបីតុលាការបានទទួលភស្តុតាងបទល្មើស ដែលខ្មាន់កាំភ្លើងដៃកាន់កាំភ្លើងដើរសំដៅមកផ្ទះជនរងគ្រោះ គំរាមកំហែងដល់ផ្ទះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ២០ និង២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវលេខ២៧១ ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមានដីផ្ទះជិតខាងជនរងគ្រោះ បានដើរកាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន១ដើម កាត់មុខផ្ទះជនរងគ្រោះឆ្ពោះទៅហាងអ៊ុតរបស់ជនរងគ្រោះមាន យីហោ «ជី ជី សាឡន» ដោយបានធ្វើការសម្លុត និង គំរាមកំហែងបាញ់សម្លាប់ទាំងគ្រួសារ ដោយពុំមានមូលហេតុច្បាស់លាស់ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះ បានសង់ផ្ទះរួចរាល់នៅជាប់ដីរបស់លោក ហ៊ឹម សំបូរ។
បើតាមពាក្យបណ្ដឹង និងភស្តុតាង ដែលក្រុមគ្រួសារជនរងគ្រោះ បានដាក់ជូនសមត្ថកិច្ច កងកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនលោក ហ៊ឹម សំបូរ បញ្ជូនមកអយ្យការអមតុលាការ ប៉ុន្តែរឿងក្ដីនេះ មិនទាន់ដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះផង ស្រាប់តែព្រះរាជអាជ្ញាសម្រេចដោះលែងខ្មាន់កាំភ្លើងឲ្យត្រឡប់ទៅវិញបាត់ ដែលករណីបែបនេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរ សម្រាប់ក្រុមគ្រួសារជនរងគ្រោះ៕