ភ្នំពេញ ៖ រឿងដែលមិននឹកស្មានមួយគឺករណីរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង របស់ជនរងគ្រោះម្នាក់ ដែលបានបាត់អស់រយៈពេល៤ឆ្នាំកន្លងមកហើយ តែបែរជាមកប្រទះឃើញស្លាកលេខ ទៅជាបំពាក់នៅលើរថយន្ត ម៉ាកកាមរីបាឡែនរបស់មន្ត្រីនគរបាលទៅវិញ តាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់ដែលបាត់រថយន្តខាងលើបានតាមឃាត់សួរនាំ និងនាំទៅទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ ដើម្បីជជែកវែកញែកគ្នាស្វែងរកការពិត និងសុំឲ្យកម្លាំងនគរបាលជួយអន្តរាគមន៍លើរឿងនេះ និងស្វែងរករថយន្តរបស់គាត់ត្រឡប់មកវិញ។
រថយន្តមួយគ្រឿងដែលត្រូវបានឃាត់ទុកខាងលើនោះម៉ាកកាមរីបាឡែន ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 បើកបរដោយបុរសម្នាក់ឈ្មោះចាន់ សុវណ្ណ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានឋានន្តរស័ក្ដិវរសេនីយ៍ឯក។
បើតាមជនរងគ្រោះបានឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលបានបាត់កាលពី៤ឆ្នាំមុន ហើយអះអាងថាស្លាកលេខដែលបំពាក់លើរថយន្តម៉ាកកាមរីបាឡែនគឺជាស្លាកលេខរថយន្តរបស់គាត់ដែលបានបាត់នោះ ប្ដីឈ្មោះវ៉ា ចាន់ថុល អាយុ៤០ឆ្នាំ មុខរបរចាក់មេក្រូ តាមពិធីបុណ្យនិងមង្គលការ មានប្រពន្ធឈ្មោះឈុន ឡាយ អាយុ៣៦ឆ្នាំ មុខរបរចុងភៅ មានទីលំនៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជាប្រពន្ធបាននិយាយថា កាលពី៤ឆ្នាំមុនក្នុងអំឡុងឆ្នាំ២០១៦ គាត់និងប្ដីបានខ្ចីប្រាក់ធនាគារមួយយកមកទិញរថយន្តម៉ាកហ៊ីយ៉ា់ន់ដាយ ពណ៍ស១គ្រឿងដើម្បីដឹកអីវ៉ាន់រកស៊ីដោយបានធ្វើស្លាកលេភ្នំពេញ2AJ-5287 ដាក់ឈ្មោះប្ដីរបស់គាត់ក្រោយមកខណៈដែលគាត់ចតរថយន្តទុកនៅក្បែរផ្ទះ ស្រាប់តែត្រូវបានចោរលួចបើកយកទៅបាត់ស្រមោលតាមរកយ៉ាងណាក៏មិនឃើញដែរ ។
បន្ទាប់មកពួកគាត់ប្ដឹងនគរបាលឲ្យជួយរកក៏នៅតែរកមិនឃើញទៀត លុះរហូតដល់វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលប្ដីគាត់បើករថយន្តទៅដឹកអីវ៉ាន់នៅផ្សារនាគមាស ចេញផុតពីផ្ទះបន្តិច ស្រាប់តែឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 ដែលជាស្លាកលេខរថយន្តរបស់គាត់ កំពុងបើកបរនៅខាងមុខទើបប្ដីគាត់ដេញតាមឃាត់សួរនាំនិងនាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី២តែម្ដង។
តាមប្រភពដដែលបានបន្តថា នៅពេលប្ដីគាត់ឃាត់សួរនាំ អ្នកបើកបររថយន្តនោះប្រាប់ថា គាត់ជានគរបាលក្រសួងមហាផ្ទៃ ហើយបានខ្ចីរថយន្តពីមេរបស់ខ្លួននៅក្រសួងមកជិះ ហើយវាជារថយន្តដែលរឹបអូសបានពីបទល្មើស ។
បន្ទាប់ពីបានស្ដាប់ការបកស្រាយពីសំណាក់បុរសនោះបានធ្វើឲ្យគាត់ក៏ដូចជាមហាជន មានការងឿងឆ្ងល់និងហួសចិត្តយ៉ាងខ្លាំង និងចង់ដឹងថាតើមេរបស់មន្ត្រីនគរបាលរូបនោះបានស្លាកលេខរថយន្តនេះមកពីណា មកបំពាក់លើរថយន្តម៉ាកកាមរីបាឡែននេះ?
និងបានវាតាមរបៀបណា ហើយចុះរថយន្តហ៊ីយ៉ាន់ដាយរបស់គាត់ដែលបានបាត់នោះទៅណា ហើយហេតុអ្វីទើបស្លាកលេខធ្លាក់ចូលកណ្ដាប់ដៃនគរបាលក្រសួងមហាផ្ទៃបែរជារករថយន្តពុំឃើញទៅវិញ?
ក្រោយពេលកើតមានហេតុការភ្ញាក់ផ្អើលខាងលើនេះ មន្ត្រីនគរបាលខាងលើត្រូវបាននគរបាលហៅទៅសាកសួរនៅប៉ុស្តិ៍ ហើយគាត់មានលិខិតសុំខ្ចីរថយន្តម៉ាកកាមរីបាឡែនខាងលើពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រមហាផ្ទៃដើម្បីជិះ ព្រោះតែគាត់ខ្វះមធ្យោបាយដើម្បីជិះបម្រើការងារនិងបេសកកម្មតាមបណ្ដារាជធានី ខេត្ត ក្រុង ។ មិនតែប៉ុណ្ណោះនៅក្នុងលិខិតនេះក៏មានការឯកភាព និងចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ដែលមានការបរិច្ឆេទថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ផងដែរ។
ដោយឡែកនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅនេះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនក្រុមចោរដាក់ថ្នាំយករថយន្តបានចំនួន៤នាក់នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈនោះបានធ្វើការដកហូតរថយន្តម៉ាកកាមរីបាឡែនពណ៍ទឹកមាស ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 ខាងលើស្រាប់ ដោយក្រុមចោរជិះធ្វើសកម្មភាព លុះបង្ក្រាបបាននគរបាលបានស្នើរសុំទៅព្រះរាជអាជ្ញាដើម្បីយករថយន្តនេះជិះធ្វើការងារបណ្ដោះអាសន្នដោយពុំបានដឹងថាក្រុមចោរបានស្លាកលេខនេះមកពីណាឡើយ។
នគរបាលខាងលើបានបន្តទៀតថា បន្ទាប់មកក្រុមចោរដែលតែងតែធ្វើសកម្មភាពដាក់ថ្នាំយករថយន្តនៅពេលនោះត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ននេះនៅពុំទាន់រួចនៅឡើយទេ ចំណែករថយន្តក្រោយមកត្រូវបានលោកវរសេនីយ៍ឯក ចាន់ សុវណ្ណ ស្នើរទៅប្រធាននាយកដ្ឋានដើម្បីជិះបម្រើការងារនិងចុះបេសកកម្មផ្សេងៗ ។
លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ស្រាប់តែម្ចាស់រថយន្តហ៊ីយ៉ាន់ដាយប្រទះឃើញស្លាកលេខរថយន្តគាត់ដែលបាត់បំពាក់នៅលើរថយន្តកាមរីបាឡែននេះ ទើបឃាត់សួរនាំតែម្ដង ។ ទោះបីជាបែបណា សំណុំរឿងនេះនិងត្រូវបានបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តហើយ៕