header ads

Sponsor

តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់អាជ្ញាធរជាតិអប្សរបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរ ទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ ដែលតាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន ។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ទៀតថា មូលហេតុនេះ គឺហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម ហើយក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដនៃចំនួនសត្វស្វាដែលត្រូវនាំចេញនៅឡើយទេ តែការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់៕

ប្រភព ៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post