header ads

Sponsor

ខេត្តកណ្ដាល៖ សមត្ថកិច្ចប៉ូលីសជំនាញ ប្រើពេលមួយសប្តាហ៍បំបែកសំណុំរឿង ករណីឃាតកម្មសម្លាប់ព្រះសង្ឃចៅអធិការវត្តចេតិយ៍ថ្មី នៅស្រុកពញាឮ ខេត្តកណ្ដាលបានជោគជយ័ ដោយ ចាប់ខ្លួនជនសង្ស័យជាមេខ្លោងបានម្នាក់កាលពីថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២០ម្សិលមិញនេះ។

តាមប្រភពមន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ៖ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​រកស៊ី​ពុះ​ដី​ឡូ​តិ៍លក់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។ ចំណែកព្រះ​សង្ឃរង​គ្រោះ​ព្រះ​នាម ភោគ ធា​រិ​ទ្ធ ហៅ​តា​តឿ ហៅ​តា​តុ​ប មាន​ព្រះ​ជន្ម​៥៣​ព្រះ​វស្សា​ ជាចៅអធិការវត្តចេតិយ៍ថ្មី។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៨​:​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​វត្ត​ចេតិយ៍​ថ្មី ក្នុងភូមិ​ចេតិយ៍​ថ្មី ឃុំ​វិហារ​ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ដោយ​គេ​ឃើញ​ព្រះ​ចៅអធិការ​វត្ត ត្រូវ​បានគេធ្វើគត់ដោយរឹត​.​ក​ហើយទុកនៅ​លើ​គ្រែ​ក្នុង​បន្ទប់​ដែល​ព្រះ​អង្គ​សឹង ។

បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យកោសល្យវិច្ច័យឃើញថា ​នៅ​លើ​ផ្ទៃ​ព្រះ​ភក្ត្រ​ព្រះ​អង្គ​មាន​ស្នាម​ឈាម​ហូរ និង​លៀន​អណ្តាត នៅ​ត្រង់​.​ក​មាន​ខ្សែ​នីឡុង​ពណ៌​ស​រឹត​ជុំវិញ និង​ស្នាម​រលាត់​ទ្រូង​ខាងស្តាំ និង​ស្នាម​រលាត់​សើ​ស្បែក​នៅ​ក​ញ្ចឹ​ង​.​ក​ផង​ដែរ ។

បើ​តាម​រយៈ​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ព្រះ​សព​ព្រះ​អង្គ សមត្ថកិច្ច​សន្និដ្ឋាន​ថា ព្រះ​ចៅអធិការ​សុគត​ដោយសារ​ប្រើប្រាស់​ខ្សែរឹត​.​ក​បណ្តាល​ឲ្យ​ថប់ដង្ហើម ។ ហើយ​ករណី​នេះ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​ស៊ើបអង្កេត ដើម្បី​វែកមុខ​ជនសង្ស័យ​តែ​ម្តង ។

លុះបានមួយសប្តាហ៍ក្រោយមក គឺ​នៅ​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២០ កិច្ច​ប្រត្តិបត្តិការ និង​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជន​ផ្តើមគំនិត​ក្នុង​អំពើ​ផ្តាច់ជីវិត​ទៅ​លើ​ព្រះ​ចៅអធិការ​វត្ត​ចេ​តី​យ​ថ្មី​នេះ ។

ក្រោមបញ្ជាដឹកនាំរបស់លោកស្នងការ​នគរបាល​ខេត្តកណ្តាល​ និងមាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកណ្តាល​ក្នុង​រយៈពេល​៧​ថ្ងៃ ក៏​ឈាន​ដល់​ការ​កំណត់​បាន​មុខសញ្ញា​មេខ្លោង​ផ្ដើមគំនិត​ជួល​ជនសង្ស័យ​ឲ្យ​ទៅ​ធ្វើ​ឃាត​ព្រះសង្ឃ នោះ​គឺ​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង នេះ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខ​សមត្ថកិច្ច​ មេ​ក្លោ​ង​ផ្តើមគំនិត​រូប​នេះ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​មិន​ចាំ​ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុ​ន បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ណាត់ជួប​គ្នា​នៅ​ហាង​ម្លប់​ស្វាយ ជិត​ផ្លូវ​ចូល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល វិហារ​លួង ។

ពេល​ជួប​គ្នា​ជនសង្ស័យ​បាន​និយាយ​រឿង​ឈ្លោះ​គ្នា​ជាមួយ​ចៅអធិការ​វត្ត​ចេ​ត​តិ​យ៍​ថ្មី ហើយ​បាន​សួរ​រក​អ្នក​ស្មា​ត់ (​អ្នក​ផ្តាច់ជីវិត​) ។ ពេល​នោះ​ឈ្មោះ ស្រេង ស្រ៊ុ​ន ថា រឿង​ហ្នឹង​កុំ​ភ័យ​ឲ្យ​តែ​លុយ​ម៉ោ ទើប​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង សួរ​ថា​ប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុ​ន​ឆ្លើយ​ថា ៧.០០០​ដុល្លារ ហើយ​ខ្លួន (​ឡៅ ទ្រី​) បាន​យល់ព្រម ។
មេ​ក្លោ​ង​ផ្តើមគំនិត​រូប​នេះ​សារភាព​បន្ត​រថា រំលង​បាន​ប្រហែល​២០​ថ្ងៃ ក្រោយមក​វេលា​ម៉ោង​ប្រហែល​​៤​រសៀល ឈ្មោះ​ស្រេង ស្រ៊ុ​ន (​ជន​ដៃដល់​) បាន​ទូរស័ព្ទ​ហៅ​ខ្លួន​ឲ្យ​ទៅ​ជួប​នៅ​ហាង​ម្លប់​ត្នោត ដោយ​ប្រាប់​ថា ១០.០០០​ដុល្លារ​ទើបបាន​ធ្វើ​កើត ព្រោះ​ទាល់តែ​គ្នា​៣​នាក់​បាន​ធ្វើ​ឈ្នះ ពេល​នោះ​ខ្លួន​ក៏​បាន​យល់ព្រម ហើយ​បាន​ប្រគល់​លុយ​ឲ្យ​មុន​៣.០០០​ដុល្លារ រួច​ក៏​បែក​គ្នា​ចេញ​មក​មុន ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៤០​នាទី ល្ងាច​ឈ្មោះ ស្រេង ស្រ៊ុ​ន បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ថា «​ប្លង់​រឹង​» (​ភាសា​ដាក់​ម៉ូ​ធ្វើ​សកម្មភាព​) ធ្វើ​រួច​ហើយ ខ្លួន​ក៏​ថា ធ្វើ​រួច​ក៏​រួច​ទៅ ។
ប្រភព​ដដែល​បានបន្ត​ទៀតថា លុះដល់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ដដែល ឈ្មោះ ស្រេង ស្រ៊ុ​ន ជា​ជន​ដៃ​ដល់ បាន​ឆាត​តាម Telegram ថា បាន​ផ្តាច់ជីវិត​ចៅអធិការ​រួច​ហើយ ដោយ​រឹត​.​ករួច​លើកដាក់​លើ​គ្រែ​គ្រប​ភួយ ពេល​នោះ​ឈ្មោះ​ស្រេង ស្រ៊ុ​ន បាន​ទារ​លុយ​ពី​ខ្លួន​បង្គ្រប់ តែ​ខ្លួន​ថា ចាំ​ស្អែក​ទៅ ។

លុះ​ស្អែក​ឡើង​វេលា​ម៉ោង​១០​និង​៣០​នាទី ខ្លួន (​ឡៅ ទ្រី មេ​ក្លោ​ង​ផ្តើមគំនិត​) បាន​បើករថយន្ត​ម៉ាក​ព្រូស យក​លុយ​ទៅ​ឲ្យ​ឈ្មោះ ស្រេង ស្រ៊ុ​ន ជា​ជន​ដៃដល់ នៅ​ជិត​រោងចក្រ​ស្រែ​ចិន្តា ។
ពេល​ទៅ​ដល់​ឃើញ​ឈ្មោះ ស្រេង ស្រ៊ុ​ន ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា អត់​ផ្លា​ក​លេខ​ចាំ​នៅ​ទីនោះ ហើយ​ក៏​ហុច​លុយ​៧.០០០​ដុល្លារ​តាម​កញ្ចក់​ឡាន​ឲ្យ​ទៅ​ឈ្មោះ ស្រេង ស្រ៊ុ​ន រួច​ហើយ​ឈ្មោះ ស្រេង ស្រ៊ុ​ន បាន​ប្រាប់​ថា ពេល​ប៉ូលិស​សួរ កុំ​ឆ្លើយ​អ្វី​ទាំងអស់ និយាយ​តែ​មិនដឹង​ៗ​ទៅ​ប៉ូ​លិ​ស​មិន​អាច​ធ្វើ​អ្វី​កើត​ទេ និង​ឲ្យ​លុប​លេខ​ទូរស័ព្ទ និង​រូប​ពាក់​ព័ន្ធទាំងអស់​ចោល រួច​ក៏​បែក​គ្នា​ទៅ ។
តាមចម្លើយ​របស់​មេខ្លោង​ផ្តើមគំនិត​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​ខ្លួន (​ឡៅ ទ្រី​) បាន​រៀបចំ​ផែនការ​ធ្វើ​ឃាត​ព្រះសង្ឃ​ជា​ជន​រង​គ្រោះ ព្រោះ​បាន​យក​ផ្ទះ និង​តូប​ផ្សារ​នៅ​ផ្សារ​ម៉ា​ន់​អាំង រាជធានី​ភ្នំពេញ និង​ដី​២​ឡូ​តិ៍​នៅ​ផ្សារ​ត្រាច ខេត្តកំពង់ឆ្នាំង ដោយ​បាន​យក​លុយ​ពី​លោក​ចំនួន ១១.៥០០ ដុល្លារ​ថា ទៅ​សង់ផ្ទះ តែ​មិន​បាន​សង់​ទេ ព្រមទាំង​យក​ទ្រព្យសម្បត្តិ​របស់​លោក​(​ចៅអធិការ​) ដែល​ជន​រង​គ្រោះ​ឲ្យ​ខ្លួន​ឈរឈ្មោះ​ជំនួស យក​ទៅ​លក់​អស់​ទៀត​ផង ។
ហើយ​ចុង​ក្រោយ​នេះ​ខ្លួន​បាន​លេចឮ​ព័ត៌មាន​ថា ព្រះ​ចៅអធិការ​លោក​ជិត​សឹក នៅ​ដំណាច់ឆ្នាំ​នេះ ដើម្បី​ទៅ​កាន់កាប់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ទាំងអស់​របស់​លោក​វិញ ទើប​ខ្លួន​​រៀបចំ​ផែនការ​ធ្វើ​គុត ដើម្បី​បំបិទមាត់​ព្រះ​អង្គ​ឲ្យ​បាន​សម្រេច​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ នេះ​តែ​ម្ដង ក្នុង​​គោលបំណង​ប្រមូល និង​កាន់កាប់​លុយកាក់ និង​ទ្រព្យសម្បត្តិ​របស់​ព្រះ​ចៅអធិការ​ទាំងអស់។ ក្រោយ​បញ្ចប់​ការ​សួរ​យក​ចម្លើយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​តាម​ស្វែង​បក្សពួក ដែល​ជា​ជន​ដៃដល់​បន្ត​ទៀត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post