ភ្នំពេញ ៖ ក្រោយពីប្រមូលបានភស្ដុតាងបាននៅកន្លែងកើតហេតុ សាកសួរសាក្សី ឃើញហេតុការណ៍ផ្ទាល់ និង ការស៊ើបអង្កេតរយៈពេលមួយថ្ងៃនេះ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញាពាក់ព័ន្ធបាញ់សម្លាប់ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានហេីយ ពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ជនល្មើសដេីម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចបង្ហើបថា ការតាមចាប់ខ្លួនក្រុមឃាតករ ក៏ប្រឈមមុខនឹងគ្រោះថ្នាក់ ផងដែរ ដោយសារតែក្រុមឃាតករ មានកាំភ្លើងក្នុងដៃ ដែលអាចប្រទូស្តរាយនឹងគ្នា ប្រសិនបើ ប្រតិបត្តិការនេះមិនច្បាស់លាស់ និងធ្វើដោយគ្មានប្រសិទ្ធភាពទេនោះ ។
សង្ឃឹមថាមូលហេតុនៃការបាញ់សម្លាប់ករណីខាងលើនេះនឹងត្រូវបានលាតត្រដាងនៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនបានជនល្មេីស ។
មហាជនសម្ដែងការងឿងឆ្ងល់ថា បេីគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍ធម្មតា គ្មានហេតុផលអ្វីត្រូវបាញ់សម្លាប់ទេ អាចមានហេតុផលអ្វីមួយហេីយទេីបជនល្មើសបាញ់សម្លាប់បែបនេះ ។
បើយើងមើលតាមរយៈវីដេអូដែលជនល្មើសបាញ់ទៅលេីជនរងគ្រោះ គឺជនល្មើសបាញ់ប្រមាណ ៤ គ្រាប់តែប៉ុណ្ណោះ តែសំបកគ្រាប់មានរហូតដល់ទៅ ៩ គ្រាប់ ហេីយសំបកគ្រាប់ ៩ គ្រាប់នោះមិនដូចគ្នាទេ ឬមានន័យថា អាចសំបកគ្រាប់កាំភ្លើងផ្សេងគ្នា ។ ឬមួយកូនចៅរបស់ជនរងគ្រោះ បាញ់តបតជាមួយជនល្មើស ?