នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១និង៤០នាទី នៅចំណុចភូមិស្តីលើ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាវយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបរបស់ស្នងការដ្ឋាន សហការណ៍ជាមួយកម្លាំងនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតហើយគប់នឹងដុំថ្ម) ធ្វើឱ្យរងរបួសនិងខូចខាតនូវទ្រព្យសម្បត្តិ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ សល់ សាន់ ហៅ តឿ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៧និង០០នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើង ដែលករណីនេះបង្កដោយក្រុមយុវជនមួយក្រុមបានប្រើប្រាស់កាំបិត និងដុំថ្មផង កាប់បំផ្លាញ ម៉ូតូមួយគ្រឿង និងបង្កឱ្យឈ្មោះសុខ រ៉ានីឆា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលរងរបួស មុតរយះចេញឈាម ត្រង់សៀតផ្កាខាងឆ្វេង និងមុតរយះត្រង់ខ្នងខាងឆ្វេង និងត្រូវនាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។
នៅក្រោយពេលកើតហេតុ និងទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទើបសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវជុំវិញករណីហិង្សានេះ រហូតឈានទៅកំណត់បានអំពីមុខសញ្ញាធ្វើសកម្មភាព និងបានសម្រេចធ្វើការឃាត់ខ្លួននៅក្រោយពេលដែលក្រុមយុវជនខាងលើធ្វើសកម្មភាពបានរយៈពេល០៣ថ្ងៃកន្លងមក។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនដៃដល់ឈ្មោះ សល់ សាន់ ហៅតឿ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនរួមទាំងបក្សពួកចំនួន ០៣ នាក់ទៀត ធ្វើសកម្មភាពដោយមានកាំបិតដេញកាប់ទៅលើជនរងគ្រោះ ខាងលើកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះគឺព្រោះតែខឹងនឹងជនរងគ្រោះរូបនេះ (ថ្លើមធំហ៊ានទៅស្រឡាញ់អតីតសង្សារបស់ខ្លួន) ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាបន្តទៀត និងបានកសាងសំណុំរឿង បញ្ជូនជនសង័្សយរូបនេះទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
(រូបភាពផែនការងារព្រហ្មទ័ណ្ឌ/ គឹមសុង)By kosal!@@@