ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនារីម្នាក់ដែលមានមុខរបរជាអ្នកលក់ម៉ូតូ គ្រាន់តែឃើញឡានពេទ្យឈប់ ស្រាប់តែផ្សាយផ្ទាល់ ធ្វើឲ្យមានការជ្រួលច្របល់ និងមានអ្នកចូលមើលយ៉ាងច្រើនផងដែរ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់មក ដើម្បីយកបុរសម្នាក់ដែលមានអាការៈឡេីងកម្ដៅខ្លួនខ្លាំង ដើម្បីយកទៅពិនិត្យ ដោយគាត់មានមុខរបរជាអ្នកបកប្រែភាសាចិន ស្នាក់នៅសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ដើម្បីឲ្យច្បាស់ថា មានករណីអ្វី ដេីម្បីមានវិធានការបន្ត។
នារីរូបនេះប្រើគណនីហ្វេសប៊ុកឈ្មោះ Chanthol Lay បានធ្វើការ Live Facebook នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះ នៅច្រកតូចមួយក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ម្តុំផ្សារអូរឫស្សី ប៉ុន្តែ ក្រោយមក នារីរូបនេះ បានលុបការ Live នេះ វិញ និងបានធ្វើវីដេអូ សុំទោសជាសាធារណៈផងដែរ ។
បើតាមលោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី ថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះមិនមានអ្វីធ្ងន់ធ្ងរទេ ដោយសារលោកបានប្រាប់ក្រុមអាជីវករ ផ្សារអូរឬស្សី រួចរាល់ហើយ កុំឲ្យមានការជ្រួលច្របល់ ។
នៅក្នុងដំណាក់កាល នេះ ព័ត៌មានពាក់ព័ន្ធជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋ រង់ចាំទទួលផ្លូវការពីខាងក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកុំឲ្យមានការជ្រួលច្របល់៕