ខេត្តកំពង់ស្ពឺ៖ ក្រោយពីមានការរិះគន់ពីពលរដ្ឋ ក្រោយពីបុរសម្នាក់ បង្ហោះរូបភាពពាក់ឯកសណ្ឋាន អាវថ្នាក់ឧត្តមសេនីយ៍ ផ្កាយ១ ស្លៀកខោខូវប៊យ ស្បែកជើងផ្ទាត់ ប៉ុន្មានសន្លឹករួចមក ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើបុរសម្នាក់នេះ ថាមិនគួរណាថតបង្ហោះបង្អួតគេសោះ បើទោះបីជាខ្លួនជាមន្ត្រីនគរបាលជាតិពិតប្រាកដក៏ដោយ។
យ៉ាងណាសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានបុគ្គលិក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់អត្តសញ្ញាណបុរសខាងលើ និងឈានដល់ការកោះអញ្ជើញមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផាន សុភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាងកាត់សក់ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានឆ្លើយសារភាព និងទទួលស្គាល់ថាឯកសណ្ឋាននគរបាលជាតិ(អាវនោះ) គឺជាកម្មសិទ្ធិលោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ជាស្នងការរងខេត្ត ទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដែលកាលពីថៃ្ងទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីកន្លងទៅ លោឧត្តមសេនីយ៍ត្រី ង៉ាម រី បានបើករថយន្ដ ពាក់ផ្លាកលេខនគរបាលមកតូប ដើម្បីកាត់សក់ គាត់បានដោះអាវព្យួរ រូបខ្ញុំ (ផាន សុភក្តី) ក៏បានសុំពាក់ អាវថតរូប ដោយលោក ង៉ាម រី បានឆ្លើយថា ពាក់ៗទៅ ខ្ញុំសួរបន្តថា បើថតផុស ក្នុងហ្វេសប៊ុក បានអត់ ?
គាត់ឆ្លើយថា ផុសៗទៅ រួចខ្ញុំបានសុំខ្ចីសោររថយន្ត ដើម្បីបើកទ្វារអង្គុយថត គាប់ជួនពេលនោះ មានព្រះសង្ឃនិមន្ត បិណ្ឌបាត ឆ្លងកាត់ទីនោះ ខ្ញុំបានយកបច្ច័យដាក់បាត ដោយពាក់ឯកសណ្ឋាននគរបាលជាតិ(ផ្កាយ១) ។
ឈ្មោះ ផាន សុភក្តី បានបញ្ជាក់បន្ថែមថា ចំពោះសកម្មភាពខាងលើ រូបលោក មិនបានដឹងថា ជាអំពើខុសច្បាប់នោះទេ ព្រោះលោកឧត្ដមសេនីយ៍ ង៉ាម រី គាត់ជានគរបាលជាតិ មានឋានៈខ្ពស់ បានយល់ព្រម អនុញ្ញាតឲ្យខ្ញុំ ពាក់ថតរូប និងឲ្យខ្ញុំផុសក្នុងហ្វេសប៊ុកទៀត ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដោយបុគ្គលឈ្មោះ ផាន សុភក្តី បានសារភាពទទួលស្គាល់កំហុស និងបានស្នើសុំការយោគយល់អធ្យាស្រ័យពីសមត្ថកិច្ច គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិកសម្របសម្រួលអនុវត្តត្រឹមកម្រិតធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ។
ដោយឡែក ចំពោះលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គណៈស្នងការ នឹងគោរពស្នើសុំមតិចង្អុលដឹកនាំ ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្ត ។