header ads

Sponsor

ខេត្តកែប៖ ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប។ 

ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។ សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។

យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទម្លាក់កំហុសឱ្យនាង ទ្រី ស៊ាងម៉ី ព្រមទាំងមិត្តភក្កិ និងដៃគូរស្នេហា ក៏ដូចជាគ្រួសាររបស់នាងផង។

បច្ចុប្បន្ននេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនេះទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមមានក្រមសីលធម៌ក្នុងការប្រើប្រាស់ កុំប្រើដើម្បីធ្វើជាទីលានបញ្ចេញកំហឹងសងសឹកស្នេហា ដែលនាំឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងកុំព្យាយាមប្រើដើម្បីប្រព្រឹត្តបទល្មើស ព្រោះមិនអាចគេចចេញពីសំណាញ់ច្បាប់បានឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post