ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ប្រជាជនកម្ពុជាជាង ៣លាននាក់ មិនទាន់មានបង្គន់អនាម័យប្រើប្រាស់ និងមិនមានកន្លែងលាងដៃសមស្របនៅឡើយ។ ក្នុងនោះ ប្រជាជនកម្ពុជា ៧៤,៥៧% មានបង្គន់ប្រើប្រាស់។ បង្គន់ និងអនាម័យ គឺសំខាន់ណាស់ សម្រាប់សុខភាពមនុស្សគ្រប់គ្នា ជាពិសេសជនងាយរងគ្រោះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា។
ការប្រកាសដូច្នេះ ត្រូវបានធ្វើឡើង ខណៈដែលក្រសួងអភិវឌ្ឍន៍ជនបទសហការជាមួយដៃគូអភិវឌ្ឍន៍ បានរៀបចំពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១១ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមប្រធានបទ «អនាម័យ និងការសំអាតសម្រាប់ទាំងអស់គ្នា»។
ប្រធានបទនៃទិវាជាតិលើកកម្ពស់អនាម័យជនបទ នៅឆ្នាំនេះ ផ្តោតលើសារៈសំខាន់របស់បង្គន់ អនាម័យ និងការសំអាតសម្រាប់ប្រជាជនគ្រប់គ្នា ជាពិសេសផ្តោតការយកចិត្តទុកដាក់លើជន ដែលត្រូវបានគេទុកចោល និងមិនមានបង្គន់ប្រើប្រាស់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សេចក្តីប្រកាស បញ្ជាក់ថា ការរស់នៅ ដែលគ្មានបង្គន់ប្រើប្រាស់ និងកន្លែងលាងដៃសមស្រប អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ជនងាយរងគ្រោះ ជាពិសេសក្នុងកំឡុងពេលមានជំងឺរាត្បាត និងជំងឺកូវីដ១៩។ នៅទូទាំងសាកលោក កង្វះទឹកស្អាត បង្គន់ និងអនាម័យ អាចឆក់យកជីវិតក្មេងៗ អាយុក្រោម ៥ឆ្នាំ ប្រមាណ ៨០០នាក់ ជារៀងរាល់ថ្ងៃ និងសរុបប្រមាណ ៨២៩ ០០០ នាក់ ក្នុង មួយឆ្នាំ។ អត្រានេះ ភាគច្រើន កើតនៅសហគមន៍ក្រីក្រ។
សេចក្តីប្រកាស លើកឡើងថា បើតាមរបាយការណ៍អង្កេតសង្គមសេដ្ឋកិច្ច ឆ្នាំ២០១៧ នៅមានប្រជាជនប្រមាណ ៧៨៤ ២២៤គ្រួសារទៀត មិនទាន់មានបង្គន់ ( ២៨,៨% នៃគ្រួសារ នៅជនបទសរុប ២ ៧២៣ ០០០ នាក់ )។ ក្នុងចំណោមគ្រួសារទាំងនោះ មានប្រមាណ ២៣៦ ០០០ គ្រួសារ ជាគ្រួសារក្រីក្រ។ ចំនួននេះ តំណាងអោយ ៣០% នៃគ្រួសារសរុប ដែលមិនមានបង្គន់ប្រើប្រាស់៕