header ads

Sponsor

 អ្នកស្រី សោម ផល្លា ជាអ្នកចិញ្ចឹមទាយកស៊ុត នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង បានឲ្យដឹងថា អ្នកស្រីបានចាប់យកមុខរបរចិញ្ចឹមទាយកស៊ុតនេះ តាំងពីឆ្នាំ២០១២មក ដែលមកដល់ថ្ងៃនេះ បានចិញ្ចឹមទាមេចំនួន១៩០០ក្បាល ហើយក្នុងមួយថ្ងៃ មេទាផ្តល់ស៊ុតឱ្យបានប្រមាណជា១៤០០គ្រាប់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបញ្ហាតម្លៃមានការចុះថោកជាងឆ្នាំមុន ព្រោះពេលនេះមានតម្លៃតែ៣៦០រៀលក្នុងមួយគ្រាប់ ខណៈឆ្នាំមុន មានតម្លៃ៣៨០រៀលក្នុងមួយគ្រាប់ ក្នុងខែធ្នូដូចគ្នា ដោយសារម៉ូយរបស់យើងបញ្ចុះតម្លៃដែរដោយសារតែលក់មិនចេញ ប៉ុន្តែពួកគាត់ថា តម្លៃអាចនឹងកើនឡើងវិញ ចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២១នេះតទៅ ។

កសិករចិញ្ចឹមទាយកស៊ុតជាច្រើនទៀត ដូចជាឈ្មោះ បេង  យ៉ាន  រស់នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង , ឈ្មោះ  អ៊ី  សុខ  នៅឃុំកែវពណ៌ ក្នុងស្រុកពួក និង ឈ្មោះ ឈីន ដាលុច នៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម សុទ្ធតែបានអះអាងដូចៗគ្នាថា តម្លៃស៊ុតក្នុងឆ្នាំនេះ ពិតជាចុះថោកជាងឆ្នាំមុនប្រាកដមែន ហើយប្រសិនបើនៅតែបន្តចុះថោកទៀតនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ែន  ប៊ុនធឿន  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការធ្លាក់តម្លៃស៊ុតមក រូបលោក និង មន្ត្រីជំនាញ បានចុះសិក្សា និង ពិនិត្យដោយផ្ទាល់នៅលើទីផ្សារ និង នៅតាមកសិករចិញ្ចឹមទាយកស៊ុតក្នុងទូទាំងខេត្ត បានពិនិត្យឃើញថា តម្លៃស៊ុតឆ្នាំនេះ ពិតជាចុះថោកជាងឆ្នាំមុនបន្តិចមែន ប៉ុន្តែមូលហេតុនេះ គឺអ្នកចិញ្ចឹមទាមានការកើនឡើងជាងឆ្នាំមុន ព្រោះថា

ប្រជាពលរដ្ឋយើងមួយចំនួនដែលគាត់ធ្លាប់បម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងបម្រើលើវិស័យទេសចរណ៍ផ្សេងៗមួយចំនួនទៀតនោះ បានត្រឡប់មកលំនៅដ្ឋានរបស់គាត់វិញ ហើយចាប់យកមុខរបរចិញ្ចឹមសត្វចិញ្ចឹមត្រី និងដាំបន្លែ ហេតុនេះបានធ្វើឲ្យបរិមាណផល មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលជាក់ស្ដែងនៅឆ្នាំ២០១៩ ការចិញ្ចឹមទាយកស៊ុត ក្នុងមួយថ្ងៃបានចំនួន២៨ម៉ឺនគ្រាប់ ប៉ុន្តែឆ្នាំនេះ ក្នុងមួយថ្ងៃដូចគ្នា ទទួលផលបានជាង៤០ម៉ឺនគ្រាប់ ដូច្នេះលើសពីឆ្នាំមុនជាងរហូតដល់ជាង១២ម៉ឺនគ្រាប់ ។

លោក ប៉ែន ប៊ុនធឿន មានប្រសាសន៍ទៀតថា រយៈកាលកន្លងមក មានជនអគតិមួយចំនួន បានធ្វើការផ្សព្វផ្សាយខុសពីការពិត នៅតាមបណ្តាញសង្គមហ្វេសប៊ុកថា មានការនាំចូលស៊ុតទាពីប្រទេសជិតខាង ដូច្នេះក្នុងឱកាសនេះ សំណូមពរដល់កសិករចិញ្ចឹមទាទាំងអស់ខេត្ត កុំមានការព្រួយយបារម្ភហួសហេតុអំពីការធ្លាក់តម្លៃពេក ពិសេសកុំជឿលើការឃោសនាដែលបំភ្លៃអំពីការពិត ដូច្នេះសូមបងប្អូនពិនិត្យទៅលើស្ថានភាពទូទៅនាបច្ចុប្បន្ននេះ ហើយគិតថាចូលដល់ពាក់កណ្តាលខែមករាឆ្នាំ២០២១​នេះ ស្ថានភាពតម្លៃស៊ុតនឹកកើនឡើងវិញ ព្រោះយោងទៅលើស្ថានភាពធូរស្រាលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ១៩ ដែលអាចនឹងត្រឡប់មកជីវភាពធម្មតាវិញ ក្រោយពីការបើកឡើងវិញ នៃការជួបប្រជុំគ្នា និង ការរៀបអាពាហ៍ពិពាហ៍ រួមទាំងការរៀបចំពិធីជប់លៀងតូចធំ ដូច្នេះ តម្រូវការនៃការបរិភោគស៊ុតនឹងមានការកើនឡើង ។

គួររំលឹកថា ក្នុងដំណើរចុះពិនិត្យការប្រមូលត្រីប្រហុកតាមដងទន្លេសាប កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ថា  ការជោរជន់ពងទា និងរហូតដល់ការធ្លាក់ថ្លៃនេះ បណ្តាលមកពីកត្តាមួយចំនួនដូចជា ការអនុវត្តន៍វិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នាំពិធីផ្សេងៗត្រូវបានផ្អាក , តម្រូវការនៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបានកាត់បន្ថយ  ជាមួយគ្នាក្នុងកំឡុងពេលនេះ ត្រីទឹកសាបសម្បូរជាហេតុនាំឱ្យពលរដ្ឋកាត់បន្ថយការហូបពងទាផងដែរ ។

ឯកឧត្ដម វេង សាខុន មានប្រសាសន៍បន្ថែមថា   ក្រោយពេលមានការត្អូញត្អែររបស់ប្រជាពលរដ្ឋ លោកបានចាត់មន្ត្រីជំនាញសិក្សាស្រាវជ្រាវភ្លាមពីតម្លៃពងទានៅកម្ពុជា និងនៅវៀតណាម ហើយតាមការសិក្សាតម្លៃពងទានៅកម្ពុជា និងវៀតណាម ប្រហាក់ប្រហែលគ្នា ហើយវៀតណាមថ្លៃជាងកម្ពុជាបន្តិចផង ដូច្នេះការលើកហេតុផលនាំចូលពងទាបែបនេះ គឺមិនមានឈ្មួញណាម្នាក់នាំចូលពងទាពីវៀតណាមមកកម្ពុជា គ្រាដែលតម្លៃប្រហាក់ប្រហែលគ្នាបែបនេះឡើយ ។

សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប មានកសិករចិញ្ចឹមទា ប្រមាណ១៩០ហ្វូង ក្នុងនោះមានទាយកស៊ុតចំនួនជាង៤៨ម៉ឺនក្បាល ដែលផលិតស៊ុតបានមួយថ្ងៃ ចំនួនជាង៤០ម៉ឺនគ្រាប់ ៕

អត្ថបទនិងរូបថត ៖ លោក យូ វង្ស

កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

#មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post