ភ្នំពេញៈ ជនសង្ស័យជាអ្នកបើកបររថយន្តជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីគេចខ្លួនក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ខណៈកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ប្រភេទកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដៃដល់ជាឃាតកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ។
ជនសង្ស័យអ្នកបើកបររថយន្តឈ្មោះ កែ ចាន់មាន ភេទប្រុសអាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រត់គេចខ្លួនទៅដល់ខេត្តបាត់ដំបង ហើយត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលមួយកន្លែងជិតបច្ឆាវត្តទួលតាឯក ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សូមរំលឹកថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១២និង៥នាទីយប់ មានករណីឃាតកម្មផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩ គ្រាប់ ក្បាលគ្រាប់ចំនួន០១គ្រាប់ មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំ និងរថយន្តជនរងគ្រោះម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស ០១គ្រឿង នៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានជនដៃដល់ បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ ធ្លាយមកមុខ និងថ្ងាស់០១ គ្រាប់ធ្លាយមកក្រោយ ។ បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ ។
សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យ នៅព្រឹកថ្ងៃដដែលសកមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យដែលដោះស្លាកលេខចេញ យកទៅប្លុងចោលនៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបានសាកសួរម្ចាស់ផ្ទះ ហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេចដល់ខេត្តបាត់ដំបង ហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌមរិតធ្ងន់រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ។
ក្រោយការសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា ក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នកបាញ់សម្លាប់ជនរងគ្រោះ ។ ចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត ។ ហើយឈ្មោះ រ៉េន ក៏បានតេទូរស័ព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមកឌុបពួកខ្លួនឆ្លងស្ពានព្រែក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន ០២យប់ ។ បន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួន ហើយរូបគេ(កែ ចាន់មាន )មកលាក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ ០១យប់ ។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង ដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ទើបនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេកនៅផ្ទះជួលក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
សេចក្តីរាយការណ៍ឱ្យដឹងថា ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយា ប្អួនថ្លៃនិងកូនម្នាក់ ។ ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែក កាលពីយប់ថ្ងៃទី០៤ ខែមករា ដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ ។
ឈ្មោះ រ៉េន ត្រូវគេបញ្ជាក់ថា គឺជាមន្ត្រីយោធាដែលមានអាវុធជាប់ខ្លួន និងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារបាន២ឆ្នាំ ។