ភ្នំពេញ៖ ដើមឈើធំៗដែលមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមនៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ គ្រោងកាប់យកចេញ នៅសប្តាហ៍ក្រោយនេះ ហើយដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។
នេះបើតាមលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសារព័ត៌មាន ដឹងនៅថ្ងៃទី០៨ មករានេះ ។
លោកបានបន្តថា ថាដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ៥០ដើម និងមានអាយុកាលប្រមាណជាង ៣០០ឆ្នាំមកហើយ នឹងត្រូវកាប់យកចេញចំនួន៣ដើម ចំណែកដើមឈើដែលនៅសល់ ក្រៅពី ៣ដើមនេះ អង្គភាពរបស់លោក នឹងកាត់លះមែកចេញផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើហើយក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើថ្មីជំនួសវិញ។