ភ្នំពេញ: នារីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈជិតដល់ថ្ងៃចូលរោងការទៅហើយ ដោយបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងបុករះជាបន្តបន្ទាប់ កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខវត្តសំបួរមាស តាមផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
នារីរងគ្រោះដែលស្លាប់មានឈ្មោះ លីម ស្រីហេង អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក ALPHAPD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ 2004 សង្ស័យមានសារធាតុស្រវឹងស្រា បើកតាមផ្លូវបេតុងវត្ដសំបូរ ក្នុងទិសដៅពីលិចទៅកើតមកដល់ផ្លូវ២១៧ បុរសជាអ្នកបើករថយន្តបានបុកជាមួយនិងរថយន្តម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-4225 បើកដោយស្ត្រីម្នាក់តាមផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ធ្វើឲ្យរងការខូចខាត តែអ្នកបើករថយន្តម៉ាក ALPHAPD មិនបានឈប់ដោះស្រាយទេ ក៏បើកបត់ឆ្វេងឡើងមកផ្លូវ២១៧ ក្នុងទិសដៅពីត្បួងទៅជើង បើកក្នុងល្បឿនលឿនមកដល់ស្តុបស្ពានដែកចំកាដូង បុរសជាអ្នកបើករថយន្ត ALPHAPD មិនបានឈប់ស្តុបទេ ក៏បុកជាមួយនិងរថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2S-6510 រងការផ្នែកខាងមុខយ៉ាងដំណំ ហើយរថយន្តម៉ាក ALPHAPD បន្តបើកទៅមុខបន្តទៀត ពេលនោះអ្នកបើកបររថយន្តកាមរីឆ្លាម បានដេញតាមពីក្រោយរហូតមកដល់ចំណុចមុខបុរីប៉េងហូត រថយន្តម៉ាក ALPHAPD ក៏បុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-8939 និងម៉ូតូស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-9166។ ក្នុងនោះ ភាគីខាងម៉ូតូស្កុបពីមាននារីម្នាក់ស្លាប់ និងរបួសស្រាល២នាក់ ព្រមទាំងមានបុរសម្នាក់ភាគីខាងម៉ូតូហុងដាឌ្រីមរងរបួស្រាលផងដែរ រីឯអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែងយករថយន្ត និងអ្នកបង្កយកទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕