header ads

Sponsor

ខណៈការសាងសង់កំពុងដំណើរការយ៉ាងសកម្ម ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង នឹងអាចបើកដំណើរការនៅកំឡុងខែកក្កដា ឬខែសីហាខាងមុខនេះ បន្ទាប់ពីព្រលាននេះបានបំពេញតាមនិតិវិធីរួចរាល់។

អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ មករានេះថា ព្រលានយន្តហោះអន្តរជាតិនេះ អាចមានសមត្ថភាពចុះចតយន្តហោះប្រភេទ Boing 757 និងប្រភេទBoing 777 ដែលអាចផ្ទុកអ្នកដំណើរបានចន្លោះពី៣៥០ ទៅ ៤០០នាក់ ព្រោះវាជាព្រលានយន្តហោះប្រភេទ 4E កម្រិតអន្តរជាតិ ។

លោកបន្តថា “នៅពេលសាងសង់ចប់ អ្នកវិនិយោគត្រូវបំពេញបែបបទជាច្រើន ដើម្បីធ្វើការវាយតម្លៃថាព្រលាននេះ មានសុវត្ថិភាពក្នុងការចុះចត ដោយទទួលវិញ្ញាបនបត្រពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងស្ថាប័នអាកាសចរណ៍អន្តរជាតិ” ។

លោកស៊ិន ចាន់សិរីវុត្ថា បានបន្តថា “ព្រលាននេះទាក់ទាញការចុះចត របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិច្រើនបែបណា វាអាស្រ័យលើការធ្វើទីផ្សាររបស់ក្រុមហ៊ុន និងស្ថានភាពជំងឺកូវីដ១៩បញ្ចប់” ។

ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា នៅពេលព្រលាននេះបើកដំណើរការ និងស្ថានភាពសេដ្ឋកិច្ចល្អឡើងវិញ ហើយអ្នកដំនើរទូទាំងពិភពលោកអាចធ្វើដំណើរបាន លោកស្រីជឿថាព្រលាននេះនឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍នានាចុះចតច្រើនមិនខាន ដោយសារខេត្តកោះកុង ជាខេត្តមានសក្តានុពលបំផុតលើវិស័យទេសចរណ៍ធម្មជាតិ។

លោកស្រីបន្ថែមថា “តាមធម្មតានៅពេលវិនិយោគលើព្រលានយន្តហោះ ក្រុមហ៊ុននឹងមានផែនការទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ ដើម្បីចុះចតនៅព្រលានយន្តហោះរបស់ខ្លួនមិនខាន ព្រោះពួកគេវិនិយោគអ្វីមួយ ពួកគេតែងតែស្វែងរកផលចំណេញ” ។

តាមការឲ្យដឹងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលកំពុងវិនិយោគព្រលានយន្តហោះនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ របស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ នឹងតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំង និងបណ្តាប្រទេសនានានៅលើពិភពលោកដទៃទៀត នៅពេលព្រលាននេះបើកដំណើរការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post