header ads

Sponsor

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមពិធី សម្ភោធការដ្ឋានសាងសង់គម្រោងអចលនទ្រព្យភូមិមរតក ដែលមានផ្ទៃដីសរុបជាង ១៤ហិចតា មានដីឡូតិ៍ មានផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត និងលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលស្វែងយល់អំពីគំរោងលំនៅដ្ឋាននេះជាច្រើននាក់ផងដែរ។

ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អ្នកវិនិយោគទុនទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺ covid 19 ដោយធ្វើយ៉ាងណាត្រូវចូលរួមគោរពនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាកុល ជែលនិងនៅគម្លាតគ្នាជាដើម។

លោក សោម សុធា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យភូមិមរតក បានឲ្យដឹងថា: គម្រោងអភិវឌ្ឍន៍ភូមិមរតក គ្រោងចំណាយថវិកាសរុបជាង ៨លានដុល្លារ ដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ២.៦លានដុល្លារ។ អ្វីដែលពិសេស គម្រោងភូមិមរតក អាចដំណើរការយ៉ាងឆាប់រហ័ស ដោយទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ដែលបានបង្ហាញពីភាពជោគជ័យមួយជំហាន ពីព្រោះនេះគឺជាគម្រោងមួយ ដែលអាចកែប្រែវាសនាតំបន់ជុំវិញ កាន់តែអ៊ូអរ ក្លាយជាទីប្រជុំជន ក្រុងរណបរបស់ខេត្តមួយ នាពេលអនាគត ខាងមុខដ៏ខ្លី។

គម្រោងភូមិមរតក បានចូលរួមចំណែកអភិវឌ្ឍន៍ តំបន់រស់នៅ ដោយមានការបង្កើតជាផ្សារសហគមន៍ បង្កើតការងារ បង្កើតមុខរបរកាន់តែច្រើន ជាពិសេសនៅក្នុងគម្រោងមានការកសាងផ្លូវដើម្បីបងប្អូនក្នុងសហគមន៍កាន់តែងាយស្រួលធ្វើដំណើរ រីឯប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវបានរៀបចំតាមស្ដង់ដា គោរពតាមបទដ្ឋាន មិនមានក្ដីបារម្ភក្នុងការរស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងអចលនទ្រព្យភូមិមរតក បើកសម្ពោធលក់ជាផ្លូវការហើយ នៅលើផ្ទៃដីសរុបជាង ១៤ហិចតា មានដីឡូតិ៍ មានផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តជាដើម ហើយតម្លៃគឺធូរថ្លៃសមរម្យបំផុតដែលបងប្អូនជាច្រើនអាចមានលទ្ធភាពវិនិយោគទិញសម្រាប់ការរស់នៅ ឬប្រកបអាជីវកម្មបាន៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post