ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ជាថ្មីទៀតថា ទោះជាបុគ្គលនីមួយៗបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយក្តី ក៏មិនមែនជាដំណោះស្រាយទប់ស្កាត់ការចម្លង រាលដាលនៃជំងឺកូវីដ១៩ បានឡើយ។ ក៏ប៉ុន្តែទន្ទឹមនឹងចាក់វ៉ាក់សាំង បុគ្គលគ្រប់រូបត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារទើបអាចទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍បាន។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបញ្ជាក់ថា ការចាក់វ៉ាក់សាំងតែមួយមុខមិនមែនជាដំណោះស្រាយ សម្រាប់ទប់ទល់ឆ្លើយតបនឹងការរាតត្បាតពីជំងឺកូវីដ១៩ បានឡើយ។ លោកជំទាវថា ការយកឈ្នះលើវីរុសកូវីដ–១៩ នៅពេលនេះ ក្រៅពីចាក់វ៉ាក់សាំងគឺត្រូវអនុវត្តវិធានការរួមគ្នាមាន ៣ការពារ និង ៣កុំ។ ទោះយ៉ាងណា លោកជំទាវរដ្ឋលេខាធិការបន្ថែមថា ការចាក់វ៉ាក់សាំងកូវីដ១៩ គឺបង្កើតបាននូវកងការពារដ៏រឹងមាំ សម្រាប់បុគ្គលក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាព ដែលអាចកើតមានឡើងពីការវាយលុករបស់វីរុសកូវីដ១៩ កាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យ និងកាត់បន្ថយបានជាអតិបរមានូវការកើតជំងឺនេះ ក្នុងសហគមន៍ផងដែរ។ ដូច្នេះការចាក់វ៉ាក់សាំងក៏កំពុងតែធ្វើជាបន្តបន្ទាប់ គួបគ្នាជាមួយនឹងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដើម្បីឆ្លើយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោកជំទាវ ឱ វណ្ណឌីន ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយសារបរិមាណវ៉ាក់សាំងដែលរដ្ឋាភិបាលមាននៅតិចតួចនៅឡើយ ពោលគឺក្នុងជំហានដំបូងនេះការចាក់វ៉ាក់សាំង សម្រាប់តែក្រុមអាទិភាពដែលងាយប្រឈមនឹងវីរុសកូវីដ១៩ ប៉ុណ្ណោះ។ ទោះយ៉ាងនេះក្តីលោកជំទាវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលើ ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ ហើយមិនត្រូវភ្លេចខ្លួន ឬមិនបានអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង ៣កុំនោះឡើយ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលអះអាងថា មានតែវិធានការ ៣ការពារ និង ៣កុំ ដែលអាចជួយឲ្យយើងទាំងអស់គ្នា បានរួចផុតពីការចម្លងវីរុសកូវីដ–១៩។ លោកស្រីបន្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានបន្តបន្ទាប់ទៀតនឹងចាក់ជូនពលរដ្ឋទូទៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារ និងសុខភាពសហគមន៍របស់ខ្លួនផងដែរ៕
ប្រភព ៖ btv.com.kh