Sponsor

ភ្នំពេញ៖ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្មេងស្រីខ្មែរឥស្លាមដែលបម្រើការងារជាជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី ហើយត្រូវម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក និងវាយធ្វើបាបនោះ ពេលនេះ ត្រូវបានអាជ្ញាធរខ្មែរ ដោយមានកិច្ចសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះដោយជោគជ័យ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៤៥នាទីរសៀល តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ-5008។

លោកបន្តថា ពលការិនីរងគ្រោះនេះមានឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី អាយុ១៦ឆ្នាំ ដែលបច្ចុប្បន្នកំពុងអនុវត្តវិធានចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ថា បន្ទាប់ពីនារីរងគ្រោះ បានអនុវត្តវិធានចត្តាឡីស័ករួចរាល់ ជំនាញរបស់នាយកដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់ដែលនាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការអនុវត្តនីតិវិធីនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor