header ads

ព្រលានយន្តហោះខ្នាតធំតារាសាគរអាចនឹងធ្វើការសាកល្បងហោះហើរនៅត្រីមាសទី៤ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានពន្យារពេលមួយរយៈដោយសារតែជំងឺកូវីដ១៩។

អភិបាលរងខេត្តកោះកុង នៅក្នុងសន្និសីទស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះមានប្រសាសន៍ថា បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០% នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។

ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន ៧០ភាគរយ។ ដូច្នេះនៅចុងឆ្នាំនេះ ព្រលានយន្តហោះតារាសាគរអាចសាកល្បងហោះហើរបានហើយ។
ព្រលានយន្តហោះតារាសាគរមានតម្លៃជាង២០០លានដុល្លារអាមេរិក ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង គឺជាគម្រោងព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group មានបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលនឹងអនុញ្ញាតឲ្យយន្តហោះប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។

សូមជម្រាបថាក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិកតា។

ក្រៅពីព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងគ្រោងនឹងអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះថ្មីមួយទៀត ស្ថិតនៅចន្លោះរវាងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំតាតៃ ស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាង កងអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក៕
រូបភាព និងប្រភព៖ រដ្ឋបាលខេត្តកោះកុង

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post