header ads

Sponsor

នៅថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. និងកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានធ្វេីការដុតកម្ទេចបង្គាក្លាស្សេ ចំនួន ៣០៧ កេស ទម្ងន់ប្រហែលជាង៦តោន នៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកមធ្យោបាយដឹកជញ្ជូនទំនិញល្មើស ត្រូវបានរក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

សូមបញ្ជាក់ផងដែរថា នៅយប់រំលងអាធ្រាត វេលាម៉ោង ១:៣០នាទីឈានចូលថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូលបង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមដើម្បីបង្កើនទម្ងន់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះអគ្គនាយកដ្ឋាន ក.ប.ប. បានស្នើសុំកិច្ចសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រ ចំនួន ២គ្រឿង។

រថយន្ត១គ្រឿង ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តចំនួន ១គ្រឿងទៀត ត្រូវបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក ភ្លាមៗនោះមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុកក្នុងរថយន្តទាំង ២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់ផលិតករនិងអាជីវករលក់ដូរ ទំនិញជាម្ហូបអាហារទាំងអស់ កុំដើម្បីតែប្រាក់ចំណេញ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬសារធាតុបន្ថែមទម្ងន់ ក្នុងផលិតផលម្ហូបអាហារ ដែលបណ្តាលឱ្យប៉ះពាល់សុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងអាចទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។ លើសពីនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា សូមធ្វើការទំនាក់ទំនងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post