នៅមុននេះបន្តិចរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយជាថវិកា ៥០ម៉ឺនរៀលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូននគរបាលស្រីដែលបំបៅដោះកូន ពេលបំពេញការងារ ក្រោយពេលដែលលោកស្រីអធិការរងទទួលការងារចរាចរណ៍រូបនេះ ត្រូវបានថ្នាក់លើអោយធ្វើកិច្ចសន្យា ។
បើតាមការបង្ហោះនៅលើទំព័រផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថា៖
«ស្ទឹងត្រែង៖ ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ យើងរួមគ្នា ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។»